(ព្រះសីហនុ)៖ ខណៈឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី ហាក់កំពុងសម្រុកទៅលេងកម្សាន្ដ នៅខេត្ដព្រះសីហនុ ហើយកត្តាសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់បំផុតផងដែរ។

ជាក់ស្ដែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងកម្លាំងឲ្យបានគ្រប់គ្រាន់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលបានមកកម្សាន្ដក្នុងខេត្តទេសចរណ៍មួយនេះ ហើយក៏ជាមូលដ្ឋានរបស់លោកគ្រប់គ្រង់ផងដែរ។

​ប្រកាសបញ្ជាបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាស លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ បាន​ដឹកនាំ​សហការី​នាំ​យក​បច្ច័យ និង​ទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​ កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ឥន្ធញាណ ក្នុងសង្កាត់លេខ៣ ក្រុង​ព្រះសីហនុ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​បុព្វការី​ជន​ និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​ និងដើម្បី​ប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ។

​ទេយ្យទាន​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ​មាន៖ អង្ករ​១០បាវ, ​មី៥កេសធំ, ​ត្រី​ខ​១​កេសធំ, ​ទឹក​ក្រូច​៥​កេស, ​ទឹក​បាកាស២កេស,​ ទឹក​សុទ្ធ​៥​កេស, ​ប្រេង​ឆា​២​ដប​ធំ, ​តែ៥កញ្ចប់,​ ស្កសរ៥គីឡូ,​ ទឹកត្រី​៥​យួរ,​ ទឹក​ស៊ីអ៊ីវ​៥​យួរ​ និង​​សម្ភា​រៈ​ជា​ច្រើន​មុខ​ទៀត​ ព្រម​ទាំង​បច្ច័យ​​ចំនួន​៣,៤៥០​ដុល្លារ​ និង​​២,៦០០,០០០រៀល​​​។

​​លោក​អាចារ្យ​វត្ត ​បាន​ឲ្យ​ដឹង​ថា នៅ​វត្ត​ឥន្ធញាណ​ ហៅវត្ត​ក្រោម​ ក្រុងព្រះសីហនុ​ មាន​ព្រះ​សង្ឃ​ជាសមណៈសិស្ស​ កំពុង​គង់​ស្នាក់​អាស្រ័យ​​ដើម្បី​សិក្សា​រៀន​សូត្រ​ ធម៌​វិន័យ​ ចំនួន​​២​០​៣អង្គ​ ដែល​ជា​បន្ទុក​មួយ​ធំ​របស់​វត្ត​សម្រាប់​ចំណាយ​ធ្វើ​ចង្ហាន់​ប្រគេន​លោក​ប្រចាំថ្ងៃ​ផងដែរ។

ចុងក្រោយ​ លោក​ឧត្តម​សេនីយ៍​ទោ ​ជួន​ ណា​រិន្ទ បាន​បន្ថែម​ថវិកា​ចំនួន​៥​០​០​ដុល្លា​រ​ថែម​ទៀត ​ដើម្បី​បង្គ្រប់​ការ​ចាក់​បេតុង​ប្លង់​សេ​កុដិ​ មួយសន្លឹក ​​និង​ស្ករ​ស​១បាវថែមទៀត​ផង​ដែរ៕