(ភ្នំពេញ)៖ ដើម្បីសុវត្ថិភាពជាតិ តើកម្ពុជាចាំបាច់ត្រូវបំពេញចិត្តអ្នកក្រៅ ហើយទុកឱ្យជាតិខ្លួនឯងរងគ្រោះឬ? កម្ពុជាទើបបានស្គាល់ សន្តិភាពត្រឹមរយ:ពេល១៩ឆ្នាំប៉ុណ្ណោះទេ រាប់ចាប់ត្រឹមពីឆ្នាំ១៩៩៨មក ហើយសន្តិភាពនេះ គឺបានមកដោយសារតែខ្មែរនិងខ្មែរ រកបានដោយខ្លួនឯងប៉ុណ្ណោះ គ្មានបរទេសណាជួយឡើយ សូម្បីតែអង្គការសហប្រជាជាតិ បានចំណាយប្រាក់ដល់ទៅ ពីរពាន់លានដុល្លារអាមេរិក ក៏មិនបានបញ្ចប់សង្គ្រាមនិង នាំសន្តិភាពមកឱ្យកម្ពុជាបានដែរ ។

ផ្តើមចេញពីសន្តិភាពនេះហើយ ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាងមកដល់បច្ចុប្បន្ននេះ បូកទាំងសេរីភាពនយោបាយ របស់គ្រប់ គណបក្សនយោបាយ និងសេរីភាពគ្មានព្រំដែនរបស់អង្គការក្រៅរដ្ឋាភិបាលរាប់ពាន់អង្គការនេះផង។ «សន្តិភាព »គឺដាច់ខាត ត្រូវតែមាននៅលើទឹកដីកម្ពុជា គ្មានថ្ងៃបាត់បង់ទៅវិញបានឡើយ ដរាបណាមានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។

ដើម្បីរក្សាសន្តិភាពឱ្យមានស្ថិរភាព និងនិរន្តរភាព កម្ពុជាមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមនយោបាយណា ឬក៏បរទេសណាមួយ មកបំផ្លាញបានជាដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកសន្តិភាពបានប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ។

ប្រជាជនកម្ពុជានៅចងចាំមិនទាន់ភ្លេចនៅឡើយទេ ចំពោះការឈឺចាប់ពីអតីតកាល ដែលប្រទេសអាមេរិក បានទម្លាក់គ្រាប់បែក រាប់លានតោនមកលើកម្ពុជា ហើយបានប្រើប្រាស់ពួកអ្នកនយោបាយខ្មែរមួយចំនួន ដែលក្បត់សម្តេចព្រះនរោត្តមសីហនុ ធ្វើរដ្ឋប្រហាររំលាយរបបរាជានិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នាំឱ្យមានសង្គ្រាមឆេះឡើង និងឈានទៅកើតមាន របបប្រល័យពូជសាសន៍សម្លាប់ប្រជាជនខ្មែរយ៉ាងសាហាវយង់ឃ្នងនោះ ។

បច្ចុប្បន្នមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ពួកគេគ្មានភាពស្មោះត្រង់ក្នុងការប្រកួតប្រជែងអំណាច នៅលើសង្វៀន ប្រជាធិបតេយ្យឡើយ។ ពួកតែងរិះរកគ្រប់មធ្យោបាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល ទោះបីជាពួកគេដឹងថា អំពើនោះផ្ទុយពីច្បាប់ និងនាំឱ្យគ្រោះថ្នាក់ដល់ជាតិក៏ដោយ។ ជាក់ស្តែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញជាសាធារណ:នូវទំនាក់ទំនងសម្ងាត់ជាមួយសហរដ្ឋអាមេរិក ក្នុងការសិក្សាពីយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរនៅកម្ពុជា តាមរបៀបប្រទេសយូហ្គោស្លាវី ដែលជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ។

ក្នុងច្បាប់របស់កម្ពុជា «ក្រមព្រហ្មទណ្ឌ »ត្រង់មាត្រា៤៤៣ បានចែងថា៖ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នា ដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពាន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។

បទសន្ទិដ្ឋិភាពជាមួយបរទេសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ (ដប់ប្រាំ) ទៅ៣០ (សាមសិប)ឆ្នាំ ។ ដូច្នេះការចាប់ខ្លួន លោក កឹម សុខា គឺជាការអនុវត្តច្បាប់កម្ពុជា ដើម្បីទប់ស្កាត់បំពើឃុបឃិតជាមួយបរទេស របស់លោក កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមការបង្ហាញផែនការសម្ងាត់ដោយលោក កឹម សុខា ខ្លួនឯង តែប៉ុណ្ណោះ ។

ករណីនេះ ប្រសិនបើមានបរទេសណាចេញមុខការពារ លោក កឹម សុខា គឺស្មើនិងចូលរួមប្រព្រឹត្តបទល្មើសជាមួយលោក កឹម សុខា ប្រឆាំងច្បាប់កម្ពុជា ហើយចូលរួមជាមួយលោក កឹម សុខា ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា និងលើកទឹកចិត្តដល់ជនក្បត់ជាតិកម្ពុជា ឱ្យបង្កគ្រោះថ្នាក់កម្ពុជា។ ប្រជាជនកម្ពុជាមិនគាំទ្រអំពើក្បត់ជាតិដែលជាហេតុនាំទៅបំផ្លាញជាតិជាដាច់ខាត ! ។

ទន្ទឹមនេះប្រជាពលរដ្ឋកម្ពុជា ក៏ស្នើសុំបរទេសទាំងឡាយណា ដែលដើរតួនាទីជាម៉ែឪកម្ពុជា ចង់មកបង្គាប់បញ្ជាកម្ពុជា សូមមេត្តាបញ្ឈប់ជាបន្ទាន់ ហើយសូមគោរពអធិបតេយ្យភាពរបស់កម្ពុជានិងសិទ្ធិសម្រេចរបស់កម្ពុជា!៕