(ត្បូងឃ្មុំ)៖ នៅថ្ងៃទី​១៨​ ខែកញ្ញា​ ឆ្នាំ២០១៧​ លោក ហាក់​ សុខមករា​ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកពញាក្រែក​​​។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីអភិបាលក្រុង-ស្រុក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ក្រុមប្រឹក្សាស្រុក ការិយាល័យនានាក្នុងស្រុក មេឃុំ មេភូមិ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធនានា ដែលប្រព្រឹត្ត​នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនេះលោក ហាក់ សុខមករា បានធ្វើការផ្តាំផ្ញើដល់​អភិបាល អភិបាលរងស្រុកថ្មី ក៏ដូចជាគណៈអភិបាលស្រុក ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្នុងស្រុកទាំងអស់ បន្តរួបរួមគ្នា ដើម្បីធ្វើជាស្នូលសាមគ្គីភាព ខិតខំប្រឹងប្រែងតទៅទៀត ពុះពារជំនះឲ្យបាន នូវរាល់ការលំបាក រួមចំណែកយ៉ាងសកម្មនូវក្នុងការអនុវត្តន៍គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ។

អភិបាលរងខេត្តបន្ដថា ពិសេសបន្តនូវការរក្សាសន្តិភាព ស្ថេរភាព បង្កលក្ខណៈឲ្យការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីកសាងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំនេះ កាន់តែមានការអភិវឌ្ឍន៍ លើគ្រប់វិស័យជាបន្ត ដោយធ្វើយ៉ាងណា ធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរបន្ថែមទៀត៕