(ភ្នំពេញ)៖ ក្រោមរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កឹម សុខា បានទទួលផែនការពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣ និងបន្តអនុវត្តរហូតមកដល់ចាប់ខ្លួន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ ដោយអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជាពីបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ)។ ផែនការសម្ងាត់ដែល កឹម សុខា បានថ្លែងពន្យល់ដល់អ្នកគាំទ្រខ្លួនថា ធ្វើឡើងជាដំណាក់កាលៗ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូររបប និងមេដឹកនាំនៅកម្ពុជា ក្រោមជំនួយរបស់អាមេរិក។ កឹម សុខា បានទទួលស្គាល់ថា ខ្លួនបានជំនួយបច្ចេកទេស និងសម្ភារដើម្បីអនុវត្តផែនការនេះដោយមានទាំងអ្នកជំនាញជនជាតិអាមេរិក និងជនជាតិកាណាដា មកជួយរៀបចំ យុទ្ធសាស្ត្រដើម្បីផ្តួលរំលំរបបដឹកនាំបច្ចុប្បន្នដោយយកលំនាំតាមបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។

រយៈពេល២០ឆ្នាំក្រោយពីបានចងក្រងបណ្តាញពង្រឹង កម្លាំងនៅតាមបណ្តាអង្គការ សមាគម សហគមន៍នានា ដែលទទួលបានថវិកាជំនួយពីមូលនិធិរបស់អាមេរិក ដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិ SOROS ក្រោមការប្រតិបត្តិគាំទ្រពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋ អន្តរជាតិ (IRI) ក៏ដូចជា VANAS អាមេរិកតាមរយៈអាយ៉ងរបស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ ពួកគេត្រៀមក្នុងការឡើង មកដឹកនាំប្រទេសកម្ពុជា។ អង្គការនិងមូលនិធិទាំងអស់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តផែនការលម្អិតនៃ បដិវត្តន៍ពណ៌ឱ្យទទួលបានជោគជ័យ។ នៅក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ការបណ្តុះបណ្តាលផែនការ ពង្រឹងធនធានមនុស្ស និងការបញ្ឆេះកំហឹងរបស់ប្រជាជនត្រូវ បានធ្វើឡើងយ៉ាងហ្មតចត់ ហើយបានសាកល្បងកម្លាំងកាលពីឆ្នាំ២០១៣ និងត្រៀម អនុវត្តផ្តាច់ព្រាត់នៅពេលបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។

នៅក្នុងបទពិសោធនៃការធ្វើបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ហ្សកហ្ស៊ី អុយក្រែន និងតួកគីស្តង់ ដែលអាមេរិកចាប់ផ្តើមលូកដៃជ្រៅនោះបាន បំផ្លាញប្រទេសទាំងនេះយ៉ាងដំណំ។ ហើយទម្រង់នៃការអនុវត្តប្រហាក់ប្រហែលគ្នា ដោយយកលេសការលួចបន្លំសន្លឹកឆ្នោតអំណាចផ្តាច់ការ គ្មានសិទ្ធិសេរីភាពជាដើម ចមនៃការ បំផ្ទុះការតវ៉ារបស់យុវជន និងប្រជាជន ហើយឈានដល់ការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរបបដឹកនាំប្រទេសតែម្តង។ នៅឆ្នាំ២០១១ និង២០១៣ បដិវត្តន៍ពណ៌បានផ្ទុះឡើង នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនមានទុយនេស៊ី ស៊ីរី លីប៊ី ឈីលី យ៉េម៉ែនជាដើម។ សម រង្ស៊ី ដែលក្រោយមកបានក្លាយ ជាប្រធានគណបក្សសង្គ្រោះជាតិបានទៅធ្វើទស្សនកិច្ចនិង សិក្សាស្វែងយល់ពីភាពជោគជ័យនៃបដិវត្តន៍ពណ៌នៅ ទុយនេស៊ី និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើបដិវត្តន៍ពណ៌ដូចពលរដ្ឋនៅបណ្តាប្រទេសទាំងនោះដែរ។ គណបក្សសង្គ្រោះជាតិទាំងមូលក៏បានអបអរសាទរ ហើយអង្គការសង្គមស៊ីវិលមួយចំនួនបានលើក ឡើងពីវរភាពនៃបដិវត្តន៍ និងបានទាញការផ្លាស់ប្តូរតាមបដិវត្តន៍នៅកម្ពុជា។

នៅកម្ពុជាភ្លាមៗក្រោយពីរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឆ្នាំ២០១៣ មិនទាន់ចប់ផង សម រង្ស៊ី បានចេញមុខប្រកាសថា គណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត ប៉ុន្តែប៉ុន្មាននាទីក្រោយមក ក៏បានលុបចោលវិញ និងបែរជាសរសើរការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតទៅវិញ។ ការចេញមកប្រកាសការឈ្នះឆ្នោតមុន ការរាប់សន្លឹកឆ្នោតចប់ នេះ គឺគ្រាន់តែជាល្បិចកលនយោបាយ និងមានចេតនាបង្កចលាចលសង្គម គណបក្សសង្គ្រោះជាតិពិតជាបានដឹងជាមុនថា ខ្លួនមិនបានឈ្នះការបោះឆ្នោត ឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ ដូច្នេះត្រូវតែរកលេសចោទថាការបោះឆ្នោតមានការលួចបន្លំសន្លឹកឆ្នោត បោះឆ្នោតមិនសេរី និងយុត្តិធម៌ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្លំ លម្អៀងទៅគណបក្សប្រជាជនជាដើម ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ និងឡើងមកធ្វើបាតុកម្មតវ៉ា។ បាតុកម្មតវ៉ាដែលជាលេសចម្បងស្ថិតនៅក្នុងគម្រោងនៃបំផ្ទុះបដិវត្តន៍ពណ៌។ បក្សប្រឆាំងបានធ្វើតេស្តកម្លាំងសមត្ថកិច្ច និងកម្លាំងសាមគ្គីផ្ទៃក្នុងបក្សប្រជាជនកម្ពុជា។

លទ្ធផលមកវិញទាំងក្នុងវិស័យយោធា និងផ្ទៃក្នុងបក្សប្រជាជនកម្ពុជានៅតែរឹងមាំខ្លាំង និងមានសាមគ្គីភាពចំពោះមុខស្ថានការណ៍ច្របូកច្របល់ដែលបង្កឡើង ដោយគណបក្សសង្គ្រោះជាតិ។ សម រង្ស៊ី និង កឹម សុខា បានធ្វើបាតុកម្មពេញរាជធានីភ្នំពេញ បង្កការស្ទះផ្លូវ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ សម រង្ស៊ី ដើរញុះញង់កម្មករ បណ្តេញកម្មករចេញពីរោងចក្រដើម្បីចូលរួមធ្វើបាតុកម្ម ចំនែកមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិផ្សេងទៀតទទួលការងារតាមមុខព្រួញចែកឱ្យដូចជា មូរ សុខហួរ រៀល ខេមរិន្ទ្រ បានប្រមូលបាតុករ និងបានបង្ហាត់បង្រៀនបាតុករ ក្រោយមកបានរៀបចំកម្លាំងរំដោះទីលានប្រជាធិបតេយ្យបង្កហិង្សាដាក់កម្លាំងសមត្ថកិច្ច ចំណែក ហូរ វ៉ាន់ បានដឹកនាំកម្លាំងកម្មករមួយចំនួនដើរអុកឡុកតាមរោងចក្រ និងបានបិទផ្លូវចូលរាជធានីភ្នំពេញ ដុតកង់ឡាន និងវាយកម្ទេចទ្រព្យសម្បតិ្តសាធារណះ និងឯកជននៅតំបន់ផ្លូវវ៉េងស្រេង មានសង្ឃមួយចំនួនដូចជា សង្ឃ ប៊ុត ប៊ុនតិញ និង លួន សាវ៉ាត បានបង្កើតចលនាក្នុងព្រះសង្ឃខ្មែរ ដើម្បីបះបោរក្រោមការ ឧបត្ថម្ភពីបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស។ រីឯបណ្តាញសង្គមស៊ីវិលបានបង្កើតបន្ទប់ស្ថានការណ៍ដើម្បីអត្ថាធិប្បាយផ្តល់យោបល់គាំទ្រលើបាតុកម្មនិងការ ទាមទាររបស់បក្សប្រឆាំងរិះគន់វាយប្រហារ លើគណបក្សកាន់អំណាចរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឱ្យមើលឃើញថា បក្សប្រឆាំងធ្វើបាតុកម្មតវ៉ាពិតជាត្រឹមត្រូវ។ ថវិកាជាច្រើនលានដុល្លារត្រូវបានគេដឹងថា បានចរាចរណ៍នៅអំឡុងពេលនៃបាតុកម្មដើម្បីទ្រទ្រង់លើការចំណាយ។

បាតុកម្មបានប្រែពីការតវ៉ាលើការបោះឆ្នោតមកជាទាមទារឱ្យរដ្ឋាភិបាលស្របច្បាប់ ចុះចេញពីតំណែង និងបានស្រែកថា «ហ៊ុន សែន អើយចុះចេញទៅ» និងស្រែកថា «ដូរដូរ» ខណៈខ្លួនបានចាញ់ការបោះឆ្នោត។ តាមពិតសកម្មភាពទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងនៃបដិវត្តន៍ពណ៌ដែលគ្រោងឡើង ដោយមានអាមេរិកនៅពីក្រោយ។ កឹម សុខា បានបញ្ចេញពីគម្រោងផែនការទាំងនេះ ព្រោះបើតាមមេបក្សប្រឆាំងរូបនេះបានលើកឡើងនៅពេលនោះថា យើងបានឈានដល់ដំណាក់កាល...មួយដែល មិនចាំបាច់លាក់តទៅទៀតឡើយ។ ដោយសារតែបានយល់ថា សកម្មភាពរបស់គណបក្សប្រឆាំងមិនមែនត្រឹមតែជាការតវ៉ាលើការបោះឆ្នោតធម្មតា តែបង្កប់ដោយផែនការ បដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អាជ្ញាធររាជរដ្ឋាភិបាលបានបង្ក្រាបកម្លាំងអនាធិបតេយ្យទាំងឡាយ និងបាតុកម្មខុសច្បាប់នៅទីលានប្រជាធិបតេយ្យ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការរាជរដ្ឋាភិបាលស្របច្បាប់ និងដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិភាព និងស្ថិរភាពនយោបាយ។

គម្រោងបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោយបោះឆ្នោតនៅ ឆ្នាំ២០១៣ ត្រូវបានបង្ក្រាប ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចិញ្ចឹមគម្រោងនេះទុកសម្រាប់វាយផ្តាច់ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ហេតុដូច្នេះហើយបានជាគណបក្សនេះរួមទាំង សម រង្ស៊ី កឹម សុខា បានចាត់ទុកឆ្នាំ២០១៨ ជាឆ្នាំសំខាន់ ព្រោះពួកគេបានដក បទពិសោធក្នុងការសាកល្បងកម្លាំងនៅឆ្នាំ២០១៣ រួចមកហើយ។

ប៉ុន្តែទេវតាពិតជាមានភ្នែក និងជួយថែរក្សាប្រទេសកម្ពុជាពីក្រុមជនអគតិដោយបានបណ្តាលឱ្យចិត្តមេក្លោងធំនៃបដិវត្តន៍ពណ៌សារភាព និងបង្ហាញផែនការសម្ងាត់ជាមួយ អាមេរិកនេះជាសាធារណៈ ធ្វើឱ្យរាជរដ្ឋាភិបាលអាចចាត់វិធានការទាន់ពេលវេលាក្នុងការការពារទប់ស្កាត់ពីផែនការក្បត់ជាតិរបស់ កឹម សុខា និងមន្ត្រីគណបក្សនេះ មួយចំនួនទៀត ហើយពួកគេបានចាញ់សម្បថនៅមុខប្រាសាទអង្គរដែលស្បថថាមិនក្បត់ជាតិមាតុភូមិ ប៉ុន្តែទង្វើរបស់ខ្លួនបានបំផ្លាញជាតិ ក្បត់ជាតិ និងប្រជាជន។ ទីបំផុតពួកគេត្រូវសងមកឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាវិញនូវការទទួលខុសត្រូវរបស់ក្រុមជនក្បត់ជាតិទាំងនោះនៅ ចំពោះមុខច្បាប់ព្រោះពួកគេបាន បរាជ័យយ៉ាងអាម៉ាស់តាមរយៈការបោះឆ្នោត ហើយក្រោមការគាំទ្រទាំងបច្ចេកទេស និងថវិកាពីអាមេរិកដែលជាឪបក្សសង្គ្រោះជាតិ ពួកគេព្យាយាមប្តូរការដឹកនាំដោយកម្លាំងមហាជនដែលជារឿងខុសច្បាប់ និងមិនប្រជាធិបតេយ្យ៕

ដោយ៖ ចៅចាក់ស្មុក