(ម៉ានីល)៖ កងកម្លាំងរដ្ឋាភិបាល​ហ្វីលីពីន ទីបំផុតបាន​ជួយសង្រ្គោះ​លោកបុព្វជិតកាតូលិកម្នាក់ ដែលបានជាប់ឃុំឃាំង​​អស់​ រយៈ​ពេល​ជិត ​០៤ខែ ក្រោមស្នាដៃ​របស់ក្រុមឧទ្ទាម​បណ្តាញ ISIS ក្រោយពីបានបើក​ប្រតិបត្តិការក្តៅ ដែលដណ្តើម​កាន់កាប់បាន មូលដ្ឋាន​ស្នូល​​មួយ​កន្លែងដ៏សំខាន់ ​របស់ក្រុមសកម្ម​ប្រយុទ្ធនេះ នៅក្នុងទីក្រុង ម៉ារ៉ាវី (Marawi) ភាគខាងត្បូង​ប្រទេស។ នេះ​បើ​តាម​​មន្រ្តី​ការ​ពារ​ជាតិ​ហ្វីលីពីន​ ដកស្រង់សម្តី​ដោយសារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧។

លោកឪ តេរែស៊ីតូ សូហ្គានូប (Teresito Soganub) ហៅ Chito ត្រូវបានគេចាប់​ជំរឹតរួមជាមួយនិង អ្នកអប់រំប្រតិបត្តិសាស្រ្ត​គ្រិស្តមួយចំនួនទៀត ស្របពេល​ដែល​ក្រុមសកម្មប្រយុទ្ធ​កាលពីថ្ងៃទី២៣ ខែឧសភាកន្លង​ទៅនេះ បានចូលលុកលុយ​ពាសពេញទីក្រុង​ខាងលើ ហើយបានដុត​​បំផ្លាញ​ព្រះវិហារ និងសាលារៀន រួមទាំងដោះលែង​អ្នកទោស ក៏ដូចជារឹបអូស​អាវុធផ្សេងៗ នៅក្នុងការ​វាយប្រហារមួយ ដែល​រៀប​ចំ​ឡើង​ដោយល្អិតល្អន់​បំផុត។

វត្តមានរបស់លោកឪ Soganub អាចនិយាយបាន​ថា ជាដំណឹងល្អដ៏កម្រមួយ សម្រាប់យោធា​ហ្វីលីពីន ដែលបានប្រឈមមុខ​​នឹង​បញ្ហាលំបាកជាច្រើន នៅក្នុងទីក្រុង Marawi ដោយរាប់តាំង​ពីហេតុការណ៍​គ្រោះថ្នាក់ដ៏ប្រល័យ ក្នុងអំឡុងយុទ្ធនាការវាយប្រហារ​តាមផ្លូវអាកាសដ៏ចម្រូងចម្រាស់មួយ រហូតដល់ការ​ខកខានមិនអាច​បញ្ចប់សង្រ្គាម នៅក្រុងភាគ​ខាងត្បូងមួយនេះ តាមកាល​កំណត់​បានជាច្រើនលើក​ច្រើនសា។ ដោយឡែក ក្រៅពីលោកឪ Soganub ចំណាប់ខ្មាំងម្នាក់​ក៏ត្រូវបានជួយ​សង្រ្គោះផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ពលទាហានចំនួន ១៤៩នាក់ បានស្លាប់នៅក្នុងសមរភូមិ រួមជាមួយប្រជាជនស៊ីវិលស្លូតត្រង់​ ៤៧នាក់ទៀត ខណៈជនសកម្មប្រយុទ្ធ​ច្រើនជាង ៦៧០នាក់ ត្រូវបានសម្លាប់។ ជាមួយគ្នានេះ​ជនបរទេសប្រមាណជា ១០នាក់ កំពុងបន្តមានវត្តមាន​នៅក្នុងសមរភូមិ​ដ៏ក្តៅគគុកនេះ ក្នុងចំណោមពួក​ឧទ្ទាមចន្លោះពី ៥០នាក់ ទៅ៦០នាក់ ដែលកំពុងមាន​ចំណាប់​ខ្មាំង​​ពី ៤៥ទៅ៥០នាក់ នៅក្នុងដៃ​របស់ពួកគេ​ដដែល៕