(ភ្នំពេញ)៖ លោក ឃឿន សុឡា ហៅ K01 ដែលជាចាងហ្វាងសារព័ត៌មានកម្លាំងមនុស្សធម៌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលស្គាល់ កំហុសខ្លួន នៅក្នុងការផ្សាយ Live វីដេអូអំពីការចុះអនុវត្តសាលដីការបស់តុលាការ នៅស្រុកស្អាង ខេត្តកណ្ដាល នាថ្មីៗនេះ ដែលធ្វើឱ្យសាធារណជនជាច្រើន មានការយល់ច្រឡំ ហើយស្តីបន្ទោសលើសមត្ថកិច្ច និងតុលាការដែលចុះអនុវត្ត សាលក្រមនេះ។

ក្នុងពេលចូលបំភ្លឺជូនសមត្ថកិច្ច និងព្រះរាជអាជ្ញា នៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កណ្ដាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នោះ លោក KO1 បានសន្យាថា លោកនឹងមិនឱ្យមានកំហុសឆ្គងបែបនេះកើតឡើងទៀត នៅពេលក្រោយឡើយ ហើយសន្យាថា ខ្លួននឹងព្យាយាម ស្វែងរកប្រភពឱ្យគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចេញផ្សាយ។ នេះបើតាមរបាយការណ៍របស់ សមត្ថកិច្ចខេត្តកណ្តាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញានេះ។

របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងពេលបំភ្លឺនេះ លោក K01 បានរៀបរាប់ថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៩៖០០ព្រឹក ខ្លួនបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា៖ មានករណីតុលាការខេត្តកណ្ដាល និងអាជ្ញាធរ ស្រុកស្អាង បានចុះអនុវត្ដសាលដីកា តុលាការ ហើយវាយកម្ទេចផ្ទះប្រជាពលរដ្ឋ។ បន្ទាប់មកខ្លួន រួមនឹងសមាជិក មួយចំនួនទៀត បានជិះម៉ូតូចេញពីស្ថានីយ៍ផ្សាយនៅភូមិ ព្រែកកំពឹស ហើយបានធ្វើការឡាយផ្ទាល់ រហូតដល់ ចំណុចកើតហេតុ នៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល។

លោក K01 ក្នុងរបាយការណ៍ទៀតថា ពេលទៅដល់ ខ្លួនបានសម្ភាសន៍ជាមួយភាគីចាញ់ក្ដី និងបានប្រើប្រាស់ពាក្យសំដី មិនសមគួរ ជេរប្រមាថ ធ្វើឱ្យប៉ះពាល់ដល់ ស្ថាប័នអយ្យការ តុលាការអាជ្ញាធរ មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមអនុវត្តដោយ មិនបានក្ដាប់បានសាច់រឿង ច្បាស់លាស់ និងដឹងប្រភពមិនច្បាស់ការ ឮតាមគេថា ហើយ មានការខឹងផងក៏បាន live ជាវីដេអូ បង្ហោះផ្ទាល់លើ page facebook ចែកជូនជាសាធារណៈតែម្តង។

ទោះជាយ៉ាងណា ក្រោយបញ្ចប់ការសាកសួរបំភ្លឺ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញា, សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ក៏បានអនុញ្ញាតឲ្យ លោកឃឿន សុឡា ហៅ k01 វិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមិនមាន ការឃាត់ខ្លួននោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ មានករណីចុះអនុវត្តសាលដីការបស់តុលាការកំពូល ពីសំណាក់អាជ្ញាសាលានៃ អយ្យការអម សាលាដំបូងខេត្តកណ្ដាល ដោយមានកម្លាំងសមត្ថកិច្ច​ជិត១០០នាក់ បានចុះទៅរឹបអូសយកដីធ្លី និងវាយកម្ទេចលំនៅដ្ឋាន ៣ខ្នង សង់នៅតាមផ្លូវជាតិ លេខ២១A តាំងពីឆ្នាំ១៩៨៧ ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។ ករណីនេះ បានក្លាយជាប្រធានបទដ៏ក្ដៅមួយត្រូវបាន ចែករំលែកនៅតាមបណ្ដាញសង្គម Facebook យ៉ាងព្រោងព្រាត ដោយមតិភាគច្រើនបំផុត បានចាត់ទុកថា​ ការអនុវត្តនេះធ្វើឡើងដោយអយុត្តិធម៌។

ប៉ុន្តែភ្លាមៗ ទាំងព្រះរាជអាជ្ញា និងអាជ្ញាធរខេត្ត បានចេញមកពន្យល់ខាងផ្លូវច្បាប់ថា ប្រជាពលរដ្ឋទំាង៣គ្រួសារនេះ ពុំមានឯកសារត្រឹមត្រូវ ខាងគតិយុទ្ធលើការកាន់កាប់ដីនោះឡើយ និងម្យ៉ាងទៀតអ្នកទាំង៣គ្រួសារ បានទៅសុំដីគេនៅ លុះយូរទៅសាងសង់ផ្ទះមិនព្រម ប្រគល់ជូន ម្ចាស់ដើមវិញ៕