(ភ្នំពេញ)៖ ​ជំនួបដ៏ស្វិតស្វាញរវាងកីឡាករជើងខ្លាំង២គូ នៅក្នុងប្រកួតជម្រុះជើងឯក ក្នុងប្រភេទទម្ងន់​៦៥គីឡូក្រាម ​នៅសង្វៀន​ប៉ុស្ដិ៍លេខ៥​ ព្រែកកំពិស កីឡាករ២រូប ដែលត្រូវគេកត់សម្គាល់ថា ល្អទាំងកណ្ដាប់ដៃ និងពូកែទាត់ ហើយល្បីឈ្មោះផង គឺ កីឡាករ ខុន ស៊ីចាន់ និងឯម វិចិត្រ ​សុទ្ធតែត្រូវបរាជ័យទាំងអស់ បន្ទាប់ពីចាញ់គូប្រកួត។ នេះជាប្រកួតជម្រុះក្នុងជុំដំបូង ក្នុងសប្ដាហ៍ទី៣​។

អ្នករៀបចំការប្រកួត លោក សេង កដិកា បានអះអាងថាការប្រកួត​ ដណ្ដើមជើងឯកមួយនេះ មានការចូលរួមដោយ​កីឡាករ​ ក្នុងប្រភេទ៦៥គីឡូ ក្រាមរហូតដល់ទៅ៣២​រូប​ មកពីក្លឹបផ្សេងគ្នា ដោយកីឡាករទាំង៣២រូបនោះ គឺត្រូវចាប់ឆ្នោតប្រកួតគ្នា ដោយលក្ខណ្ឌនៃការប្រកួត គឺតម្រូវឲ្យកីឡាករទាំងអស់ប្រកួតគ្នា តែ៣ទឹកប៉ុណ្ណោះ ដើម្បីស្វែងរកអ្នកឈ្នះឲ្យឡើងប្រកួតបន្ត។​ ការប្រកួតមួយនេះ​ អត់មានបែងចែកជាពូល និងតម្រូវឲ្យធ្វើការប្រកួតសន្សំ​ពិន្ទុនោះទេ ដោយសារតែលោកយល់ ការប្រកួតចាញ់ធ្លាក់ៗសម្រាប់ការប្រកួតមួយនេះ គឺងាយស្រួលក្នុងការគ្រប់គ្រង ចំពោះការប្រឹងប្រែងរបស់កីឡាករល្អជាង បើធៀបនឹងការប្រកួត ដែលប្រើរូបមន្តផ្សេងទៀត ដែលតម្រូវឲ្យកីឡាករប្រើការសន្សំពិន្ទុចុះឡើងៗ ហើយពេលណាមួយ នឹងអាចមានការលក់ដូរលទ្ធផល ជាពិសេសក្នុងពេលដែលកីឡាករណាមួយ មានពិន្ទុខ្ពស់នាំមុខ ដែលមិនភ័យរឿងធ្លាក់ក្នុងជុំ។

អ្នករៀបចំការប្រកួត បន្តថា ​ជាក់ស្ដែងការប្រកួតរវាងកីឡាករ បង្គោលខៀវ រិទ្ធ មុន្នី  និងកីឡាករបង្គោល​ក្រហម ឯម វិចិតហរ  កាលពីថ្ងៃទី១៦ កញ្ញា នៅព្រែកកំពិស គឺជាភស្ដុតាងស្រាប់ថា ពួកគេសុទ្ធតែធ្វើបានល្អ។ ​ការប្រកួតដ៏ស្វិតស្វាញរបស់គូនេះ លោកពេញចិត្តតាំងពីទឹកទី១ រហូតដល់ទឹកបញ្ចប់ ជាពិសេសក្នុងពេល ដែលជើងខ្លាំងទាំងពីរកាន់តែដណ្ដើមគ្នា យកឈ្នះទៅវិញទៅមកនៅទឹកទី២ និងទឹកទី៣។ ការប្រកួតគូនេះ ធ្វើឲ្យអ្នកទស្សនាពេញចិត្តយ៉ាងខ្លាំង បើធៀបនឹងគូដណ្ដើម​ជើងឯកមួយគូទៀត ដែលបើកការប្រកួត៣ទឹកដូចគ្នា។ ការប្រកួតគូនេះ ក្នុងទឹកទី១កីឡាករម្ខាងៗ មានប្រៀបរៀងខ្លួន តែឈានដល់ទឹកទី២​កីឡាករ រិទ្ធ មុន្នី  កាន់តែមានសន្ទុះជាង តែទីបំផុតកីឡាករ កីឡាកររូបនេះ ក៏រកឃើញចំណុចខ្សោយរបស់គូប្រកួត ហើយអាចវាយប្រកួតបានល្អជាង។ ​ទើបការប្រកួតមួយគូនេះ គឺកីឡាករ ឯម វិចិត្រ ដែលត្រូវគេដឹងថា ជាកីឡាករដែលមានសមត្ថភាពខ្លាំងក្លា ត្រូវធ្លាក់ហាលអាវដោយសារ តែក្រោយការប្រកួត ត្រូវបញ្ចប់កីឡាករ រិទ្ធ មុន្នី  បានក្លាយជាអ្នកឈ្នះពិន្ទុ។

កីឡាករ រិទ្ធ មុន្នី ត្រូវគេឃើញលោតកញ្ជ្រោល សប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីបានឆ្លងផុតវគ្គ៣២នាក់ ហើយឡើងទៅកាន់វគ្គបន្ត។ ប៉ុន្តែបើក្រឡេកមើលកីឡាករ ឯម វិចិត្រ ដែលជាជើងខ្លាំងម្នាក់ នៅក្នុងពិភពប្រដាល់វិញ គឺសើចមិនចង់ចេញតែម្ដង ដោយសារតែការប្រកួតរបស់គេ មិនទទួលបានផ្លែផ្កា ហើយទីបំផុតគេ ត្រូវបរាជ័យយ៉ាងអាម៉ាស់ នៅលើសង្វៀនដែលគេរំពឹងថា នឹងបានឈានទៅកាន់វគ្គ១៦នាក់។  ឯម វិចិត្រ និយាយថាមិនអស់ចិត្តសម្រាប់ថ្វី​ដៃ គូប្រកួតនោះទេ ដែលអាចមកពីគេតស៊ូ​ មិនដល់គោលដៅ។

នេះជាការប្រកួតមួយដែលលោកបង្ហាញនូវអារម្មណ៍សោកស្ដាយដោយសារតែលោកប្រកាសថាបានប្រឹងហ្វឹកហាត់យ៉ាងច្រើនមុនពេលឡើងរេញ ប៉ុន្តែចុងក្រោយការប្រកួត៣ទឹកក៏ចាញ់ក្រោមដៃគូប្រកួត។ ​យ៉ាងណាមិញ កីឡាករឯម វិចិត្រ ក៏បានប្រកាសខ្លួនប្រឹងអស់ពីសមត្ថភាពសម្រាប់ការប្រកួតទាំងមូលផងដែរ ដោយលោកបានទាំងសរសើរថា កីឡាករគូប្រកួតរបស់លោកគេមានកណ្ដាប់ដៃខ្លាំង និងមានសមត្ថភាពវាយ កែងបានល្អពេក  ទើបលោកធ្វើអ្វីមិនបែក និងបានត្រឹមតែ ខកបំណងនៅវគ្គចុងក្រោយ៕