(ភ្នំពេញ)៖ ការកកស្ទុះចរាចរណ៍នៅរាជធានីភ្នំពេញ នៅតែជាបញ្ហាប្រឈមសម្រាប់ការរស់នៅ និងធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងឲ្យតែដល់ពេលបុណ្យទានម្តង ពិសេសបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋដែលចំណាកស្រុក មកធ្វើការនៅរាជធានីភ្នំពេញ តែងសម្រុកទៅស្រុកកំណើត នាំឲ្យការកកស្ទះចរាចរណ៍ ហើយតំបន់ដែលគេគត់សម្គាល់ថា មានការកក់ស្ទះចរាចរណ៍ខ្លាំង ចេញពីភ្នំពេញទៅតាមខេត្តនោះ គឺម្តុំស្ពានជ្រោយចង្វារ និងស្ពានព្រះមុនីវង្ស (ក្បាលថ្នល់)។

លោក សោម អូន ប្រធានសភាសហព័ន្ធ សហជីពជាតិកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះថា លោកសូមគាំទ្រ និងជំរុញឲ្យមានការវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស ឬបើករោងចក្រឲ្យបានច្រើនតាមផ្លូវជាតិលេខ១ និងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងជួយសម្រួលការលំបាកបានច្រើនដល់កម្មករ កម្មការិនីដែលមកពីខេត្តព្រៃវែង និងស្វាយរៀង ដែលមានចំនួនកម្មករច្រើនជាងគេបំផុតបើធៀបនឹងខេត្តផ្សេងៗ។

ពាក់ព័ន្ធបង្ហាញការស្ទះចរាចរណ៍នេះ ប្រជាពលរដ្ឋដែលនាំគ្នាសម្រុកចេញទៅស្រុកកំណើតយល់ឃើញ និងសំណូរពរឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍ ដោយជួយជំរុញការវិនិយោគរោងចក្រ នៅតាមបណ្តាលខេត្តជាប់ផ្លូវជាតិសំខាន់ៗ ដែលភ្ជាប់ពីរាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជា ទៅកាន់បណ្តាខេត្តនានា។ ការវិនិយោគតាមផ្លូវជាតិសំខាន់ៗនេះ អាចទប់ទល់នឹងលំហូរកម្មករ ទៅកាន់រាជធានីភ្នំពេញ ឬនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលកកកុញដោយរោងចក្រនោះ រួមទាំងទប់ស្កាក់ការស្ទះចរាចរណ៍បានមួយចំនួនធំ។

ក្នុងចំណោមផ្លូវជាតិជាច្រើន ផ្លូវជាតិលេខ១ ត្រូវបានគេមើលឃើញថា គឺជាផ្លូវជាតិដែលមានសក្តានុពលជាងគេ ក្នុងការវិនិយោគរោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេស ដោយហេតុផលថា តាមបណ្តោយផ្លូវនេះ គឺមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រល្អយ៉ាងពិសេស ដែលមានកំពង់ផែ មានផ្លូវជាតិតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រំដែនវៀតណាម រួមមានខេត្តព្រៃវែង និងស្វាយរៀង ដែលសំបូរទៅដោយកម្លាំងពលកម្ម។

អ្វីដែលផ្តល់សក្តានុពលមួយទៀត សម្រាប់ផ្លូវជាតិលេខ១នោះ គំរោងផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ក៏ត្រូវបានអង្គការ JICA របស់ជប៉ុន សិក្សារួចរាល់ហើយផងដែរ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីខែឧសភា ឆ្នាំ២០១៧ ធ្លាប់បានប្រាប់អ្នកយកព័ត៌មានថា កម្ពុជានិងជប៉ុន បានសិក្សារសិក្សារួចហើយ លើគម្រោងផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញ ឆ្ពោះក្រុងបាវិតដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។

កម្មករ-កម្មារិនីដែលមកពីបណ្តាខេត្តស្វាយរៀង និងព្រៃវែង ធ្វើការតាមរោងចក្រ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានថ្លែងថា ជាការល្អបើរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យវិនិយោគិន បើករោងចក្រ ឬតំបន់សេដ្ឋកិច្ចពិសេស តាមផ្លូវជាតិលេខ១ ព្រោះផ្លូវនេះមានកម្មករ-កម្មការិនីច្រើន មកពីខេត្តព្រៃវែង និងស្វាយរៀង បើមានរោងចក្រ នៅតាមផ្លូវជាតិលេខ១ ឬក៏ក្នុងខេត្តកណ្តាល។ ឧទាហរណ៍ប្រសិនជា វិនិយោគិនបើកតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកកៀនស្វាយ ដែលជាទីតាំងមានសក្តានុពល របស់ខេត្តកណ្តាលនោះ ច្បាស់ណាស់ប្រាកដជាអាចជួយ ដល់កម្មករកម្មការិនីបានច្រើន ដោយពួកគាត់មិនចាប់ធ្វើដំណើរ ទៅកាន់រាជធានីភ្នំពេញឡើយ គឺពួកគាត់អាចមកត្រឹមខេត្ត កណ្តាលនៅពេលព្រឹក ហើយត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញនៅពេលល្ងាច។

កម្មករ-កម្មការិនីបានលើកឡើងថា ការកែប្រែពីការបើករោងចក្រនៅក្រុមភ្នំពេញ មកតាមបណ្តាលខេត្តនេះ មិនត្រូវតែជួយកាត់បន្ថយលំហូរ ចូលនៃកម្លាំងពលកម្មទៅកាន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជួយអភិវឌ្ឍន៍មូលដ្ឋានថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។

លោកលើកឡើងយ៉ាងដូច្នេះថា «វាពិតជាល្អណាស់បើសិនជាមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់កៀនស្វាយ ឬផ្លូវជាតិលេខ១ ព្រោះកម្មករដែលនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលធ្លាប់សម្រុកមកធ្វើការនៅភ្នំពេញ អាចធ្វើការនៅទីនោះបាន ដើម្បីកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាដើម»

លោក សោម អូន បានបន្ថែមទៀតថា កម្មករកម្មការិនី ដែលមកពីខេត្តស្វាយរៀង និងព្រៃវែង មកធ្វើការនៅភ្នំពេញ គឺមានចំនួនច្រើនជាងគេ បើធៀបនឹងកម្មករមកពីបណ្តាខេត្តផ្សេងៗ។ ដូច្នេះសូមអំពាវនាវដល់វិនិយោគិន ក៏ដូចជារាជរដ្ឋាភិបាលជំរុញការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅតាមផ្លូវជាតិលេខ១ ឬតំបន់កៀនស្វាយ ដើម្បីជួយសម្រួលដល់កម្ពុជា។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋសំណូមពរឲ្យរាជរដ្ឋាភិបាលជំរុញវិនិយោគិន ពិសេសវិនិយោគិនចិន និងដែលកំពុងឈរលំដាប់ថ្នាក់លេខ១ និងលេខ២ វិនិយោគច្រើនជាងគេនៅកម្ពុជា មកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅតាមផ្លូវជាតិលេខ១ ដ៏មានសក្តានុពល ឲ្យដូចនឹងតាមបណ្តោយផ្លូវជាតិលេខ៤ផងដែរ។

បើតាមលោក សោម អូន សហជីពជាតិកម្ពុជា បានឲ្យដឹងថា នៅប្រទេសកម្ពុជាកម្មករនិយោជិត មានប្រមាណ៧៥ម៉ឺននាក់៕