(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ​អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់​គណៈបញ្ជាការឯកភាព​រដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពី លោកអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ប្រធានការិយាល័យចំណុះជំនាញនានា ជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ទាំង១៣។

លោកអភិបាលខណ្ឌ បានប្រជុំ​ដាក់ផែនការសម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន លើខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖ 

*អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ និងសហការគ្នាឲ្យបានល្អ ក្នុងការបង្កា​បង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន ជាពិសេសបទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន កុំឲ្យកើតមានក្នុងមូលដ្ឋាន។

*រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឲ្យបានល្អ​នៅតាមវត្តអារាម​តាមដងផ្លូវ និងត្រូវមានវេណប្រចាំការឲ្យបានត្រឹមត្រូវ ជាប្រចាំ​សម្រាប់ទទួលយកព័ត៌មាន និងដោះស្រាយបញ្ហានានា​ក្នុងមូលដ្ឋាន។

*យកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ការទុកដាក់សំរាម និងបញ្ចេញសំរាម នៅតាមដងផ្លូវ និងតាមទីសាធារណៈ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានសំណេះសំណាលជាមួយកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដង្កោ ចំនួន​៥០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខ និងបានឧបត្ថម្ភក្នុងម្នាក់ៗ អាវយឺត០១ និងថវិកា​៥ម៉ឺនរៀល៕