(ស្វាយរៀង)៖ ​លោក ម៉ែន វិបុល អភិបាល​ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារថ្មី ផែនអន្តោប្រវេសន៍ និងការិយាល័យអន្តរាគមន៍ និងតម្រួត នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្នុងនោះក៏មានការចូល​រួមពី​​ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, ​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការ​រងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង​ លោក លោកស្រី​ ជាប្រធានមន្ទីរនានាជុំវិញខេត្ត​ លោក​ លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងកងកម្លាំងនគរបាលខេត្ត​ សរុបប្រមាណ​​៣៦០​​នាក់។​ ​

អាគារថ្មីដែលទើបនឹងសាងសង់រួចនិងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាឱកាសនេះ​ មានប្រវែងបណ្តោយ ៥៥ ម៉ែត្រ ទទឹង ៧.៥ ម៉ែត្រ ដែលមាន បន្ទប់ប្រជុំ ១ បន្ទប់ស្នាក់នៅ របស់កម្លាំងអន្តរាគមន៍ ទំហំ ៦ ម៉ែត្រ x ២០ ម៉ែត្រ បន្ទប់ធ្វើការ ៦ បន្ទប់ ក្នុងនោះ មានបន្ទប់ស្នងការរងទទួលអន្តោប្រវេសន៍ ១ បន្ទប់ការិយាល័យគ្រប់គ្រងជនបរទេស បន្ទប់ការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី និងបន្ទប់ការិយាល័យអន្តរាគមន៍ និងចាក់សាប រៀបចំប្រពន្ធ័លូរំដោះទឹក ក្នុងបរិវេណ ស្នងការដ្ឋាន ដែលជាការផ្តួចផ្តើមកសាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងមានការឧបត្ថម្ភពីសប្បុរសជន ជាតិ និងអន្តរជាតិ ជាពិសេសការច្នៃប្រឌិតរបស់ លោកឧត្តមសេនីយ៍ស្នងការផ្ទាល់ ដែលចំណាយក្នុងការសាងសង់អស់ទឹកប្រាក់ប្រមាណ ១៦២,៧៧១ ដុល្លារ ។

​អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ក្នុងកសាងនូវសមិទ្ធផលនានាជាច្រើន ដើម្បីសម្រួលដល់ការបំពេញការងារ របស់កងកម្លាំងឲ្យកាន់តែមានភាពងាយស្រួល ជាមួយនេះ លោកក៏បានថ្លែងនូវការអរគុណដល់កងកម្លាំងទាំងអស់ ដែលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច​។

ឆ្លៀតក្នុងនេះដែរ លោក ម៉ែន វិបុល បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបីប្រភេទ ត្រូវបន្តខិតខំថែរក្សានូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរ​ដ្ឋ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬហេតុការណ៍ណាមួយកើតឡើង ជាយថាហេតុ ។

ជាចុងបញ្ចប់ អភិបាលខេត្តស្វាយរៀង ​បានផ្ដល់កិត្តិយសកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារផែនអន្តោប្រវេសន៍ ការិយាល័យអន្តរាគមន៍ និងតម្រួត នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់ ដែលចូលរួមក្នុងពិធីនេះចំនួន​៣៣៦​នាក់ ក្នុងម្នាក់ៗទទួលបានថវិកា​៤០,០០០ រៀល៕