(កំពង់ស្ពឺ)៖ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីពេលកន្លងទៅបានចេញដីការក្សាការពារមួយ ទៅក្រុមហ៊ុនបូមខ្សាច់ឈ្មោះ «​សុខ វាសនា អ៊ីមផត អិចផត» តែមិនបានចុះអនុវត្តនោះទេ រហូតដល់ដីកានោះអសុពលភាព ស្រាប់តែ​មន្ដ្រីយោធាម្នាក់ដែលជាគូរជម្លោះ បានយកដីកាដែលអស់សុពលភាព​នោះទៅប្ដឹងក្រសួងរ៉ែ និងថាមពល រហូតធ្វើឲ្យក្រសួងរ៉ែ និងថាមពល ចេញសេចក្ដីសម្រេចព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុន ឲ្យផ្អាកសកម្មភាពរយៈពេល៦ខែទៅវិញ។

ជុំវិញករណីក្រសួងរ៉ែ និងថាមពល សេចក្ដីសម្រេចឲ្យព្យួរអាជ្ញាប័ណ្ណនេះ តំណាងក្រុមហ៊ុន «​សុខ វាសនា អ៊ីមផត អិចផត» បានអំពាវនាវឲ្យថ្នាក់ដឹកនាំ ពិសេសក្រសួងរ៉ែ និងថាមពល ឲ្យបន្ដអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ និងពិនិត្យទិដ្ឋភាពផ្លូវច្បាប់ផងដែរ មុននឹងអនុវត្តវិធានការនេះ ព្រោះថាដីកានោះបានអស់សុពលភាពទៅហើយ។

យោងតាមសេចក្តីប្រកាសស្តីពីការព្យួទុកអាជ្ញាប័ណ្ណ អណ្តូង រ៉ែបើក និងការ​ដ្ឋានវាយថ្ម (សម្រាប់អាជីវកម្មខ្សាច់សំណង់) លេខ៣២៦ រថ.ទស.ប្រក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដោយបាន​សម្រេចព្យួទុកអាជ្ញាបណ្ណក្រុមហ៊ុន សុខ វាសនា អ៊ីមផត អិចផត រយៈពេល​០៦ខែ ដោយយោងតាមដីការក្សាពារ លេខ​៤៧២ (ក) ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ ​ដែលម្ចាស់ក្រុមហ៊ុនទទួល​សេចក្តី ជូនដំណឹងរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧​។

តាមសម្តីម្ចាស់ក្រុមហ៊ុន បានឲ្យដឹងថា ដីកា​ដែលសម្រេចរក្សាការពារខាងលើបានអស់សុពលភាពទៅហើយ ដោយ​សារតែដីការមិនបានចុះអនុវត្ត ឲ្យស្រមតាមនិតិវិធីច្បាប់នោះទេ ហេតុនេះ​ហើយទើប ក្រុមហ៊ុនពុំបានប្តឹងទំទាស់ និងដីកា​នេះឡើយ ហើយក្រុមហ៊ុនក៏​បានចូលខ្លួន ដោះស្រាយជាមួយលោក រស់ ចិន្តា ស្របតាមដីការរបស់តុលា​ការនោះតាមផ្លូវច្បាប់អស់ដែរ។

បច្ចុប្បន្ននេះ លោក រស់ ចិន្តា កំពុងបន្តប្តឹង ជាមួយប្រធានក្រុម​ហ៊ុន សុខ វាសនា អ៊ីមផត អិចផត ជាលក្ខណៈបុគ្គល​ ​និងបុគ្គលទៅតាមផ្លូវតុលាការ និងទៅតាមស្ថាប័នជាច្រើនទៀត ពីព្រោះក្រុមហ៊ុននេះ មានភាគហ៊ុនជាច្រើន បានបណ្តាក់ទុនរកស៊ីលើអាជីវកម្ម​ខ្សាច់នេះ​។

តាមការរៀបរាប់របស់ក្រុមហ៊ុនបានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យមាន ជម្លោះនោះគឺផ្តើមចេញពី​ដើមដំបូងលោក ម៉ែន សុផុន មានទំនាក់ទំនងជាមួយលោក សុខ វាសនា ជាប្រធានក្រុមហ៊ុន ក្នុង​កិច្ចការធ្វើអាជីវកម្មខ្សាច់ ដោយលោក ម៉ែន ស៊ីផុន បានអះអាងថារូបគាត់ ​មានអាជ្ញាបណ្ណ័ស្រាប់ដែលបានរត់ការ ពីក្រោមដល់ខេត្តកំពង់ស្ពឺ និងបន្តដល់​ក្រសួងរ៉ែ និងថាម​ពលទៀត តែលោក ម៉ែន សុផុន ប្រាប់ថាគាត់គ្មាន​លុយរត់ការបន្តទៀតទេ ទើបឲ្យ​លោក សុខ វាសនា ព្រមចេញថ្លៃរត់ការ​បន្តទៀត​។

លោក ម៉ែន សុផុន ក៏សន្យាថាធ្វើការរួចរាល់ សុំប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនក្នុងមួយខែ​៥,០០០ដុល្លារប៉ុណ្ណោះ ​មកក្រោយពីលោក ​ម៉ែន សុផុន បានប្រើឲ្យកូនចៅរបស់គាត់ មកយក​លុយពីប្រធានក្រុមហ៊ុនចំនួនពីរលើក លើកទី១​ចំនួន​១,២០០ដុល្លា និងលើក​ទី២ចំនួន ៤,០០០ដុល្លា ដោយឡែកលើកទី៣ លោក ម៉ែន សុផុន ផ្ទាល់បានយកលុយចំនួន៧,០០០ដុល្លារបន្ថែមទៀត ដោយផ្ញើតាមគណនេយ្យ​វីង (ក្រដាសវីញភស្តុតាងនៅមាន)។

បន្ទាប់ពីទទួលបានលុយ​ដូចរៀបរាប់ខាងលើ លោក ម៉ែន សុផុន មិនបានអនុវត្តកិច្ចការនោះទេ រហូតក្រុមហ៊ុនទុករយៈជាងមួយឆ្នាំ តែលោក ម៉ែន សុផុន មិនអាចធ្វើបានដដែល ថែមទាំងមិនសងលុយទាំងអស់ខាងលើមកឲ្យក្រុមហ៊ុនដែរ​។ ដោយឡែក​រឿងទាក់ទងរវាងលោក សុខ វាសនា និងលោក រស់ ចិន្តា ពីដើមមកទល់និងបច្ចុប្បន្ន មិន​ដែលស្គាល់គ្នាទេ តែដោយសារតែលោក ម៉ែន ​សុផុន មានបំណងគេចវេស មិនទទួលខុសក៏បានណាត់ខាងក្រុមហ៊ុន ឲ្យជួបជាមួយលោក រស់ ចិន្តា ហើយលោក ម៉ែន សុផុន សុំ​ឲ្យជួយចេញលុយឧបត្ថម្ភរបស់គាត់មួយខែ​៥,០០០ដុល្លារ ថ្លៃរត់ការយកអាជ្ញាប័ណ្ណខ្សាច់ មកឲ្យលោក រស់ ចិន្តា វិញ​ដោយលោក ម៉ែន សុផុន សន្យាថាធ្វើឲ្យហើយឲ្យក្រុមហ៊ុន តែតាមពិតមកដល់ពេលនេះ លោក ម៉ែន សុផុន រត់ការធ្វើអាជ្ញាប័ណ្ណអាជីកម្មខ្សាច់ បានបរាជ័យទាំងស្រុង មិន​ទទួលបានលទ្ធផលបន្តិចឡើយ និងថែមទាំងក្រឡៃរឿងជាមួយក្រុមហ៊ុន ឲ្យសងលុយទៅ រស់ ចិន្តា ដែលខ្លួនមិនមានភាគហ៊ុនសូម្បីតែមួយសេនផង​។

ក្រោយពីបរាជ័យមក ក្រុមហ៊ុនបាន​ប្រឹងប្រែងរត់ធ្វើអាជ្ញាប័ណ្ណរហូតរួចរាល់ និងធ្វើអាជីកម្មបង់ពន្ធជូនរដ្ឋ​ស្របតាម​ច្បាប់ដូចសព្វថ្ងៃ បែរជាមានលោក រស់ ចិន្តា ចេញមុខប្តឹងរូបខាងក្រុមហ៊ុនទៅតុលាការ​ខេត្តកំពង់ស្ពឺ រហូតសព្វថ្ងៃដោយសំអាង​លើកិច្ចសន្យាដែលបរាជ័យនោះ៕