(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ពិធីបុណ្យកាន់បិណ្ឌបានឈានចូលបិណ្ឌទី១៣ហើយ គ្រប់ទីវត្តអារាមឮតែសូរសព្ទធម៌ ប្រជាពុទ្ធបរិស័ទចូលរួមធ្វើបុណ្យទានយ៉ាងខ្ញៀវខ្ញារ ក្នុងនោះគេក៏សង្កេតឃើញប្រជាពលរដ្ឋភាគច្រើនបានចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅស្រុកកំណើតជាបណ្ដើរៗហើយ ប្រជាពលរដ្ឋមួយចំនួនក៏បានទៅដល់មុនផងដែរ ខណៈដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ បានកន្លងទៅ១៧ថ្ងៃហើយដែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ១០៤,២៥៣នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេល១៥ថ្ងៃ ពោលស្មើនឹង ៦.៤១% នៃចំនួនប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតថ្មី ជាង១.៦លាននាក់។

ដំណើរការនេះ នឹងត្រូវបានផ្អាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា ប៉ុន្តែក្រោយថ្ងៃឈប់សម្រាកនេះទៅ ដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅធម្មតាវិញ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ សូមជួយផ្សព្វផ្សាយផ្ទាល់ដល់ក្រុមគ្រួសារ បងប្អូន សាច់ញាត់ មិត្តភក្តិ និងអ្នកជិតខាងជាដើម ដើម្បីជំរុញពួកគាត់រួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ជាការពិតណាស់ នៅតាមទីវត្តអារាមប្រជាពុទ្ធបរិស័ទមានឱកាសបានជួបជុំគ្នាច្រើនជាងពេលដទៃទៀត ពិសេសពេលកាន់បិណ្ឌ និងពេលភ្ជុំបិណ្ឌ នៅពេលនោះហើយ គឺជាឱកាសដ៏វិសាលវិសាលបំផុត ក្នុងការសាកសួរ និងផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោតនេះ។

បើតាម គ.ជ.ប ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ បានចំនួន ១,៦២៦,២៥២នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងចំនួន ៩,៨៨២,៧៤៦នាក់។

តែទោះជាយ៉ាងណា រាល់ការធ្វើដំណើរទាំងទីជិត និងទីឆ្ងាយ សូមបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច បើកបរត្រូវគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអាទិភាព ត្រូវចេះអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងមានការទទួលខុសត្រូវខ្ពស់៕