(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ត្រូវនឹងបិណ្ឌទី១៣ បានជូនពរដល់បងប្អូនជនរួមជាតិ និងកម្មករកម្មការិនីធ្វើដំណើរទៅជួបជុំក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងតាមបណ្ដាខេត្តនានា ជួបតែសេចក្ដីសុខសប្បាយតាមផ្លូវ និងបានរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ជនរួមជាតិទាំងអស់ថា បុណ្យនៅវត្ត សូមកុំភ្លេចព្រះរស់នៅផ្ទះដែលតែងតែផ្តល់នូវពរជ័យ និងក្តីស្រឡាញ់ដល់កូនចៅគ្រប់ៗគ្នា ជារៀងរាល់ថ្ងៃ។​

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅ២ថ្ងៃទៀត ពិធីបុណ្យភ្ជុំបិណ្ឌធំនឹងចូលមកដល់ ព្រោះថ្ងៃនេះគឺបិណ្ឌទី១៣ហើយ។ សូមជនរួមជាតិ និងបងប្អូនកូនក្មួយកម្មករកម្មការនីធ្វើដំណើរទៅជួបជុំក្រុមគ្រួសារទាំងនៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានា សុខសប្បាយតាមផ្លូវ និងបានរីករាយនៅក្នុងឱកាសបុណ្យភ្ជុំទាំងអស់គ្នា។ ទន្ទឹមនឹង​ការធ្វើបុណ្យនៅវត្ត សូមកុំភ្លេចព្រះរស់នៅផ្ទះដែលតែងតែផ្តល់នូវពរជ័យ និងក្តីស្រឡាញ់ដល់កូនចៅគ្រប់ៗគ្នាជារៀងរាល់ថ្ងៃ»

មួយវិញទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ​ដល់អាជ្ញាធរ និងសមត្ថកិច្ចដែលបានចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរនៅតាមវត្តអារាម​ និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីផ្តល់ឱកាសឲ្យបងប្អូនបានប្រារព្ធពិធីបុណ្យទាន​ និងកំសាន្តសប្បាយ និងសូមជូនពរជនរួមជាតិជួបតែសំណាងល្អ និងទទួលបាននូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ សម្រាប់ឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទី០៦​ ដល់ថ្ងទី២១ ខែកញ្ញា ឆ្នាំ២០១៧ ហើយថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕