(បន្ទាយមានជ័យ)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ជួន វណ្ណៈ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឲ្យឃុំខ្លួននារីឈ្មោះ មឿន លីហ័រ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ក្រោយបង្ហោះសារជេរប្រមាថព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្ដេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ និងសម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើបណ្ដាញសង្គម Facebook ។

កញ្ញា មឿន លីហ័រ អាយុ២០ឆ្នាំ មានមុខរបរលក់ផ្លែឈើនៅផ្សាររ៉ុងក្លឿ ប្រទសថៃ ស្នាក់នៅភូមិច័ន្ទគិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ ការចាប់ខ្លួនបានធ្វើឡើងបន្ទាប់ពីនារីវ័យក្មេងរូបនេះ បានបង្ហោះពាក្យពេចន៍ជេរប្រមាថព្រះមហាក្សត្រខ្មែរ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើបណ្ដាញសង្គម Facebook ឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍»។

លីហ័រ បានសារភាពថា ទង្វើរបស់ខ្លួនធ្វើតាមការណែនាំរបស់បុគ្គលឈ្មោះ អ៊ា គីមស្រេង ជាខ្មែររស់នៅប្រទេសអូស្ត្រាលី។ ស្ត្រីជាប់សង្ស័យបានបញ្ជាក់ថា មុនពេលបញ្ចូលរូបភាពកាត់ត និងខ្លឹមសារទៅក្នុងគណនី Facebook របស់ខ្លួន ឈ្មោះ អ៊ា គីមស្រេង ប្រាប់ថា មិនចាំបាច់ខ្លាចទេ ព្រោះគេមានឯកសារគ្រប់គ្រាន់ហើយ ហើយបើមានបញ្ហាកើតឡើង គឺឲ្យប្តឹងគាត់ទៅ ទើបខ្លួនសម្រេចចិត្តបង្ហោះរូបភាពកាត់ត និងខ្លឹមសារមួយចំនួននោះ។

កញ្ញា មឿន លីហ័រ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ អ៊ា គីមស្រេង រយៈពេល៣ឆ្នាំមកហើយ តាមរយៈបណ្តាញ Facebook ក្រោយមក ឈ្មោះ អ៊ា គីមស្រេង បានផ្ញើរូបភាពកាត់ត និងខ្លឹមសារមួយចំនួនដែលរិះគន់ជេរប្រមាថព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រិយ៍ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយបង្ហោះក្នុងគណនី Facebook របស់ខ្លួនឈ្មោះ «ជលស្សៃនា នាងកូនពៅ ស៊ីអារម្មរណ៍» ដើម្បីចែកចាយបន្តឲ្យគេឯងបានឃើញ ហើយក៏មិនទាន់បានប្រយោជន៍ណាមួយ ពីឈ្មោះ អ៊ា គីមស្រេង នោះដែរ៕