(កំពង់ស្ពឺ)៖ តាំងពីល្ងាច រហូតដល់យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្មករ កម្មការិនី រោងចក្រជឺមីនី ក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០នាក់ ក្នុងចំណោមកម្មករសរុប១២៥៦នាក់ របស់រោងចក្រនេះ បាននាំគ្នាតវ៉ា និងឡោមព័ទ្ធរោងចក្ររបស់ពួកគេ ដោយសារតែមានដំណឹងថា ថៅកែរោងចក្រនេះក្ស័យធន់ ហើយរត់ចោលពួកគេដោយមិនព្រមបើកប្រាក់ខែឲ្យ។

ទោះជាយ៉ាងណា តាមការបង្ហើបរបស់បុគ្គលិករោងចក្រ រហូតដល់ពេលនេះ មានដំណោះស្រាយបឋមហើយ ដោយតំណាងមេធាវីទទួលសិទ្ធិតំណាងឲ្យរោងចក្រជឺមីនី ដែលថៅកែរត់ចោលនោះ បានសម្រេចលក់សម្ភារៈក្នុងរោងចក្រក្នុងតម្លៃ ២៨០,០០០ដុល្លារ ហើយយកលុយនោះ រៀបចំបើកប្រាក់ខែឲ្យកម្មករទាំងយប់តែម្តង។ ក្រុមមេធាវី បានខ្ចីកន្លែងមន្ទីរការងារខេត្តកំពង់ស្ពឺ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ កម្មការិនី។

ទោះជាយ៉ាងណា គេមិនដឹងថា ប្រាក់ដែលបានពីការលក់ឡៃឡុងទាំងនោះគ្រប់គ្រាន់ ឬយ៉ាងណាទេ ប៉ុន្តែរហូតដល់ពេលនេះ កម្មករដែលតវ៉ា មិនទាន់ថមថយនៅឡើយ ដោយនៅតែទាមទារឱ្យបើកប្រាក់ឈ្នួលរបស់ពួកគេ នៅយប់នេះតែម្តង ហើយគំរាមថាបើមិនមានការបើកប្រាក់ឈ្នួលជូនកម្មករនៅយប់នេះទេ គឺទាំងមេធាវី ទាំងអ្នកដែលទិញសម្ភារៈរោងចក្រនេះ នឹងមិនអាចទៅណារួចឡើយ៕