(ភ្នំពេញ)៖ បុរសម្នាក់ដែលជាមន្ដ្រីយោធាពាក់ស័ក្ដិ៤កន្លះ បម្រើការនៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេរភូមិន្ទ កំពុងរងការចោទប្រកាន់ថា បានវាយកម្ទេចរបងព្រំដីរបស់អ្នកជិតខាង ដើម្បីយកដីមកជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាង៤០ម៉ែត្រការ៉េ នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ខណៈដើមបណ្ដឹងអះអាងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧សប្ដាហ៍ក្រោយនេះ ភាគីដែលជាមន្ដ្រីយោធានោះ នឹងចូលខ្លួនដោះស្រាយជាមួយ។

លោកស្រី ស៊ុន សំឡូត ដែលជាម្ចាស់ដីតាំងពីឆ្នាំ២០០៤ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា កាលពីឆ្នាំ២០០៤ គាត់បានទៅទិញដីនៅក្រុមទី១៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ដែលមានទំហំ ២,០៦២.៦៨ម៉ែត្រការ៉េ ហើយក្រោយមកដោយសារមានតម្រូវការ របស់រដ្ឋធ្វើផ្លូវនៅតំបន់នោះ ទើបគាត់សុខចិត្តពុះដីរបស់គាត់មួយចំណែក ដែលមានប្រវែង១០ម៉ែត្រ ​ជូនសម្រាប់ធ្វើផ្លូវសាធារណៈ ហើយនៅសល់មួយចំណែកទៀត ក៏បានធ្វើរបងបិទបាំង ដើម្បីសម្គាល់ថា​ ជាកម្មសិទ្ធិរបស់ខ្លួន។

ប៉ុន្ដែនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ មន្ដ្រីយោធាពាក់ស័ក្ដិ៤កន្លះ បម្រើការនៅអគ្គបញ្ជាការដ្ឋាន កងយោធពលខេរភូមិន្ទ ឈ្មោះ តុង ហុកសេង បានទៅវាយរបង របស់គាត់ ដែលប្រវែងសរុប៥៣ម៉ែត្រ អស់ចំនួនជាង២៣ម៉ែត្រ ដែលមានទំហំដីជាង៤២ម៉ែត្រការ៉េ ដើម្បីធ្វើរបងថ្មីព័ទ្ធយកដីមួយចំណែកដែលនៅសល់នោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​តែម្ដង​ ដោយមិនញញើតដៃឡើយ។

បើតាមលោកស្រី ស៊ុន សំឡូត ដែលត្រូវបានមន្ដ្រីយោធាវាយរបងដើម្បីព័ទ្ធយកដីនោះ, នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ រូបគាត់បានទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់ទួលសង្កែ២ និងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ ដើម្បីឲ្យអាជ្ញាធរជួយអន្ដរាគមន៍ ហើយពេលនោះអាជ្ញាធរបានហៅ​ឈ្មោះ តុង ហុកសេង មកប្រាប់ថាឲ្យផ្អាកការសាង់សងរបងថ្មីនោះ។

លោកស្រីបញ្ជាក់ថា នៅចំពោះអាជ្ញាធរឈ្មោះ តុង ហុកសេង បានអះអាងថា ខ្លួននឹងផ្អាកសាង់សង ដើម្បីដោះស្រាយគ្នាតាមច្បាប់ ប៉ុន្ដែធាតុពិតឈ្មោះ តុង ហុកសេង មិនបានផ្អាកដូចពាក្យសន្យានោះទេ ពោលគឺសកម្មភាពសាងសង់នោះកាន់តែលឿនជាងមុខទៀតផង។

យ៉ាងណាមិញ ដើមបណ្ដឹងគឺលោកស្រី ស៊ុន សំឡូត បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ដើមសប្ដាហ៍ក្រោយនេះ ឈ្មោះ តុង ហុកសេង នឹងចូលខ្លួនមកដោះស្រាយជាមួយលោកស្រី ប៉ុន្ដែលោកស្រីកំពុងតែ​មានការព្រួយបារម្ភថា ឈ្មោះ តុង ហុងសេង បំផ្លាញរបងរបស់គាត់ខ្ទេចគ្មានសល់ ដើម្បីបំបាត់ភ័ស្ដុតាង។ ជាមួយនឹងការអះអាងថា ជាម្ចាស់កម្មសិទ្ធិស្របច្បាប់នោះ លោកស្រី ស៊ុន សំឡូត បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយរកយុត្តិធម៌ជូនគាត់ផង ព្រោះគាត់មានភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញនៅចំពោះមុខច្បាប់។

ឯកសារបញ្ជាក់ និងរូបភាព នៃការវាយកម្ទេចរបងនៅខាងក្រោមនេះ៖