(ភ្នំពេញ)៖ «ទេវតាប្រទាន» នេះជាប្រសាសន៍ជាប់ជានិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើង​ត្រូវនឹងកាលៈទេសៈចាំបាច់ ដែលសភាពការណ៍ប្រទេសយើងកំពុងវិវត្តន៍ក្នុងស្ថានភាពមួយដែលត្រូវមានការពុះពារ និងការប្រឈមពីពួកជ្រុលនិយមចង់ផ្ដួលរំលំរាជរដ្ឋាភិបាល នឹងចង់ផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា នឹងបំផ្លាញសន្តិភាពដែលកម្ពុជាកំពុងមាន។

ក្នុងពេលនេះយើងគប្បី​​ពង្រឹងពង្រីកថែមទៀត នូវស្មារតីដែលធ្លាប់មានសាមគ្គីប្រកៀកស្មាគ្នា​តាំងពីទសវត្សរ៍ឆ្នាំ៨០ ក្នុងការរៀបចំកសាងប្រទេសជាតិមួយ ពីការប្រឈមមុខនឹងរបបប្រល័យពូជសាសន៍ និងសម្ពាធពីខាងក្រៅ ដែលរួមមានមហាអំណាចនឹងបក្សសម្ព័ន្ធនានា ជួយទៅដល់ត្រីភាគី។ ទិដ្ឋភាពបច្ចុប្បន្ននេះ បើមានការប្រៀបធៀប មានលក្ខណៈខ្លះគឺមិនខុសអំពីប្រវត្តិដែលយើងធ្លាប់បានឆ្លងហែលកាត់រួចមកហើយនោះទេ។

ប៉ុន្តែមានភាពខុសគ្នាដ៏សំខាន់និងពិសេសគឺសន្តិភាព ជាងនេះទៅទៀត ដោយសារកាលនោះយើងទើបតែចាប់ផ្ដើមកវែក​ កឆ្នាំង កសាងរដ្ឋអំណាចមួយដោយបាតដៃទទេ ចេញពីផេះផង់នៃសង្គ្រាម ចេញអំពីការបាក់បែកព្រាត់ប្រាស់និរាសហើយរៀបចំកសាងកម្លាំងប្រដាប់អាវុធ ដើម្បីការពាររដ្ឋអំណាចដែលបានតាំងឡើងក្រោយរំដោះ​ថ្ងៃ៧​ មករា ឆ្នាំ១៩៧៩។ យើងមានបញ្ហាប្រឈម ៣ សំខាន់គឺ (១)ខ្លួនយើងក្នុងនិន្នាការមួយដែលមានការខ្វះខាតសព្វបែបយ៉ាងផង (២)ទាំងរចនាសម្ព័ន្ឋ នយោបាយក៏នៅស្ទើរភ្លើង (៣) ទាំងធនធានសេដ្ឋកិច្ច និងធនធានមនុស្សក៏រឹតតែខ្វះខាតថែមទៀត ឯការគាំទ្រពីសំណាក់បរទេសទាំងឡាយក៏ស្ទើរតែមិនមាន។ ប៉ុន្តែឥឡូវយើងបានឆ្លងកាត់អស់ហើយក្នុងដំណាក់កាលនេះ បើពិនិត្យនឹងក្រឡេកទៅអតីតកាល ក៏មិនខុសគ្នា​ ឥឡូវនេះចាប់ផ្ដើមទៀតហើយបំណងដ៏ខ្មៅសំដៅការផ្ដួលរំលំរបបដឹកនាំមួយដែលបានរីកចម្រើនដោយខ្លួនឯង ដែលឈរជើងដោយខ្លួនឯង ហើយងើបឡើងនៅក្នុងភាពភ័យអន្តរាយនឹងគ្រោះមហន្តរាយសព្វបែបយ៉ាង រហូតបានរឹងប៉ឹងដោយសមិទ្ធផលសព្វបែបយ៉ាងបែបនេះ។

ដូច្នេះពាក្យដែលសម្ដេចពិជ័យសេនា មានប្រសាស៍ថា «ដូចជាទេវតាបានប្រទាន» នេះគឺហាក់ដូចជាមានដំណាក់កាល ដូចខាងក្រោម៖

* ដំណាក់កាលទី១៖ គឺទេវតាប្រទានដល់សមមិត្ត ហ៊ុន សែន ពីរាត្រីថ្ងៃទី២០ មិថុនា ១៩៧៧ នៅក្នុងដំណើរការចាប់ផ្តើមការកសាងកម្លាំងដើម្បីសង្គ្រោះជាតិ ប្រជាជន កម្ពុជា ៧ មករា ឆ្នាំ​១៩៧៩​ ពីរបបប្រល័យពូជសាសន៏ ប៉ុល ពត។

* ដំណាក់កាលទី២៖ ឆ្នាំនៃការធ្វើនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អំឡុងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ រហូតដល់ទទួលបានសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា។

* ដំណាក់កាលទី៣៖ ពិតជាចាប់ផ្តើមទេវតាប្រទាន ក្នុងដំណាក់កាលដែលយើងត្រូវការបំផុត នូវភស្តុតាងជាក់ស្ដែងរបស់កម្លាំងអសុរៈ ឬហៅថាធាតុប្រឆាំងដែលកើតឡើង បើគិតតាមសាសនា។ ដូច្នេះកម្លាំងទេវតាគឺត្រូវតែកើតមានឡើង ទើបមានការប្រទានយកបានឃើញនៅពាក្យសំដីដែលនិយាយរបស់ ​​​​កឹម សុខា​ ជាភស្តុតាងគ្រប់គ្រាន់ក្នុងការបង្ហាញពីផែនការប្រទូស្តរាយ ក្បត់ជាតិខ្លួនឯងដែលពាក់ព័ន្ធជាមួយនឹងអ្នកដែលនៅពីក្រោយនិងក្រៅថែមទៀត។

មានន័យថា ចាប់ផ្ដើមពីពាក្យសំដី ចិត្តសាស្រ្ត កម្លាំងការបរទេស ពាក់ព័ន្ធឃោសនាទាំងឡាយដែលមានគឺការពង្រឹងស្មារតី ឆន្ទៈ សាមគ្គីភាពនិងយល់ច្បាស់ អំពីបញ្ហានេះចាំបាច់ត្រូវតែពង្រីក ពង្រឹងនិងផ្សព្វផ្សាយ ដើម្បីឆ្លងកាត់ និងពុះពារនៅថេរវិលាដែលមានមិនយូរប៉ុន្មានទេ ក្នុងការប្រឈមនេះ។ ពីព្រោះយើងមាន មូលដ្ឋានច្រើនរួចទៅហើយ ធាតុទាំងឡាយដែលយើងមានគឺតថភាពនៃនយោបាយមួយ តថភាពនៃសេដ្ឋកិច្ច តថភាពនៃធនធានមនុស្ស នឹងត្រូវតែការប្រមូលផ្ដុំ ហើយនឹងរួមគ្នាដើម្បីដឹកនាំសភាពការណ៍ទៅមុខ ជាមួយនឹងការដឹកនាំដ៏ជាញជ័យរបស់អ្នកដឹកនាំអបរាជ័យរបស់យើងគឺសម្ដេចតេជោ ហ៊ុន សែន។

ខ្ញុំមើលឃើញថា យើងត្រូវតែខិតខំស្គាល់ ហើយរំលឹកឡើងវិញនូវប្រវត្តិ​ដែលយើងមាននៅទសវត្សរ៍៨០ នោះយើងអាចឃើញនូវព្រឹត្តិការណ៍ ដែលច្បាស់លាស់កំពុងមាននៅក្នុងថ្ងៃនេះ និងថ្ងៃស្អែក។ ហើយបើយើងថយក្រោយថែមទៀតមើលពីព្រឹត្តិការណ៍ក្នុងទសវត្សរ៍៧០ នោះយើងកាន់តែមានមូលដ្ឋានថែមទៀត នៅក្នុងការវាយតម្លៃអ្វីដែលកំពុងកើតហើយដែលអាចនឹងកើតថែមទៀត ដូចដែលថ្នាក់ដឹកនាំបានព្យាករណ៍រួចមកហើយ។

បើមានពេលអាចនឹងមើលឃើញថែមទៀត នូវប្រវត្តិនៃប្រទេសនានាដែលមាននេះ យើងកាន់តែច្បាស់លាស់ជាមួយនឹងសភាពការណ៍​ ពីព្រោះប្រទេសខ្លះបានឆ្លងកាត់ រួចមកហើយទាំងការផ្ដួលរំលំ ទាំងការទប់ទល់បាន​ ហើយនឹងទាំងការបង្ក្រាបបាននូវទ្រឹស្ដីសកម្មភាពការធ្វើបដិវត្តពណ៌ ដែលចេញមកដោយសារបរទេសលូកដៃ និងជ្រៀតជ្រែកប្រទេសណាដែលមិនបំរើមហិច្ឆតា និងគោលបំណងផលប្រយោជន៏របស់ខ្លួន។ ត្រូវប្រើឱកាស ទេវតាប្រទាន ដើម្បីឈានទៅជ័យជម្នះ ចុងក្រោយរក្សាការពារសន្តិភាព សមិទ្ឋផលនិងការអភិវឌ្ឍន៍តទៅមុខទៀត...។

ដូច្នេះហើយទើបសម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏រំលឹកជាប់មិនដាច់ពីពាក្យ ទេវតាប្រទានៗ។

(រាត្រីថ្ងៃទី១៥ កញ្ញា ២០១៧ ដោយ៖ អំណត់)