(ភ្នំពេញ)៖ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកវាយប្រហារចំៗទៅលើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិថា ភ័យខ្លាច ខ្វះភាពក្លាហានមិនហ៊ានចេញមុខជ្រោមជ្រែងទៅលើសំណុំរឿងឪពុករបស់នាង ដែលកំពុងឃុំខ្លួនពីបទក្បត់ជាតិនោះឡើយ។

នៅលើ Twitter កញ្ញា កឹម មនោវិទ្យា បានសរសេររិះគន់ជាមួយអារម្មណ៍អាក់អន់ចិត្តចំពោះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថា មានតំណាងរាស្រ្តរបស់ គណបក្សសង្រ្គោះជាតិតិចជាង១០រូបប៉ុណ្ណោះ បានចេញមុខឈឺឆ្អាល និងសស្រាក់សស្រាំទៅលើសំណុំរឿងឪពុករបស់នាង ក្រៅពីនោះគឺភ័យខ្លាចមិនហ៊ានចេញមុខនោះឡើយ។ កញ្ញា កឹម មនោវិទ្យា ដែលមានចំណងស្នេហាជាមួយបុរសជនជាតិអាមេរិកាំង និងជាចារកិច្ចមួយរូបដែរនោះ បានសរសេរថា «សមាជិកសភាគណបក្សសង្គ្រោះជាតិ (CNRP) តិចជាង ១០នាក់ ប៉ុណ្ណោះ ដែលមានភាពក្លាហានសម្តែង​មតិចេញមក ហើយសម្រាប់អ្នកផ្សេងទៀត គឺភ័យខ្លាច ដោយជៀសវាងបង្ហាញមុខជាសាធារណៈនោទេ។ ដូច្នេះតើយើងអាច ដើរតួនាទីបានយ៉ាងដូចម្តេច?»

កូនស្រីរបស់លោក កឹម សុខា ដែលតែងតែសម្តែងមតិនាំឲ្យថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិផងនោះ បានបន្តថា «ភាគច្រើនបំផុត នៃមន្ត្រី និងសមាជិកសភាគណបក្ស CNRP មានការប្រយ័ត្នប្រយែងខ្ពស់លើបណ្តាញសង្គម ដោយខ្លាចរដ្ឋាភិបាលចោទពួកគេថា ពាក់ព័ន្ធនឹងករណីលោក កឹម សុខា»

នេះមិនមែនជារឿងថ្មីទេចំពោះកញ្ញា កឹម មនោវិទ្យា ដែលបង្ហោះសារវាយប្រហារមន្រ្តី ឬតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ។ កាលពីពេលកន្លងទៅកញ្ញា កឹម មនោវិទ្យា ក៏ធ្លាប់វាយប្រហារទៅលើ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិផងដែរ។ កញ្ញា បានបង្អាប់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយខ្វះ ភាពក្លាហានប្រឈមមុខជាមួយច្បាប់របស់កម្ពុជាជាដើម។

ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា នាពេលនេះ ក៏មិនខុសពីពេលមុននោះដែរ គឺមានអ្នកគាំទ្រគណបក្សសង្រ្គោះជាតិជាច្រើន បានចេញមកវាយប្រហារ និងប្រតិកម្មតបជាមួយកញ្ញា កឹម មនោវិទ្យា។ អ្នកខ្លះបាននៅកញ្ញា កឹម មនោវិទ្យា ជាអ្នកនយោបាយក្មេងខ្ចីធ្វើការតាមអារម្មណ៍ គិតមិនបានវែងឆ្ងាយជាដើម។

អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា សារកូនស្រីលោក កឹម សុខា សាររបស់កូនស្រី កឹម សុខា វាយប្រហារលើតំណាងរាស្ត្របក្សសង្គ្រោះជាតិថាមិនក្លាហាន ហានចេញមុខនេះ គឺបង្ហាញចរិតក្រអឺតក្រទមដែលមានឪជាមេបក្ស។ កឹម មនោវិទ្យា និងប្អូនស្រីខ្លួន កឹម សម្មាធិតា គិតថាគណបក្សសង្គ្រោះជាតិ គឺជាកម្មសិទ្ធិ ផ្តាច់មុខរបស់ឪពយកខ្លួន និងក្រុមគ្រួសារខ្លួន ទើបបានចាត់ទុកតំណាងរាស្ត្រផ្សេងទៀតជាបរិវារដាច់ថ្លៃរបស់ខ្លួន និយាយស្តីមិនគោរពចាស់ទុំនយោបាយ និងមិបកោតក្រែងស្ថាបនិកបក្ស និងសមាជិកអចិន្ត្រៃយ៍នៃបក្សដែលចូលធ្វើនយោបាយតាំងពី កឹម មនោវិទ្យា និងកឹម សម្មាធិតា មិនទាន់កើតម្ល៉េះ។

អ្នកវិភាគចៅចាក់ស្មុក បានបន្តថា តាមរយៈសារដ៏គម្រោះគម្រើយរបស់កូនស្រី កឹម សុខា បង្ហាញថា គណបក្សសង្គ្រោះជាតិគឺជាបក្សដែលដឹកនាំដោយបុគ្គល ពឹងលើបុគ្គល កឹម សុខា ដូចជំនាន់ សម រង្ស៊ីដឹកនាំដែរ។ នេះកាន់តែបង្ហាញថា ទ្រឹស្តី កឹម សុខា និងកូនស្រីខ្លួន កឹម មនោវិទ្យា អះអាងភ្លាមៗក្រោពី សម រង្ស៊ី លាលែងពីតំណែងថា បក្សសង្គ្រោះជាតិនឹងមានឱកាសដឹកនាំតាមបែបទស្សនៈនិយម មិនពឹងលើឥទ្ធិពលបុគ្គលដូច សម រង្ស៊ី នោះ គឺគ្រាន់តែជាភាសាពីរោះស្តាប់ ប៉ុន្តែតាមពិតបក្សសង្គ្រោះជាតិក្រោមការដឹកនាំរបស់ កឹម សុខា គឺជាបក្សបុគ្គលនិយម គ្រួសារនិយម កូនស្រី កឹម សុខា មិនស្តាប់នរណាទាំងអស់ ធ្វើអ្វីៗតាមតែអំពើចិត្ត ដាច់ដោយឡែកពីគេ និងបំពានលក្ខខណ្តិកៈផ្ទៃក្នុងបក្ស។

នេះមិនមែនលើកទី១ទេ ដែលកូន កឹម សុខា ប្រើប្រាស់ឥទ្ធិពលតួនាទីឪរិះគន់វាយប្រហារលើមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ។ កឹម មនោវិទ្យា បានធ្វើឱ្យសម រង្ស៊ី និងក្រុម សម រង្ស៊ី និយមក្នុងបក្សក្តៅក្រហាយ បន្ទាប់ពីបង្ហោះសារវាយប្រហារ សម រង្ស៊ី មិនមកជួយដឹកនាំបក្ស បែរជានិរទេសទៅក្រៅ ទុកឱ្យឪពុកខ្លួនរ៉ាប់រងការ ដឹកនាំម្នាក់ឯង និងត្រូវឃុំខ្លួនឯងក្នុងស្នាក់ការបក្សទៀត។ ហើយពេលនេះ កឹម សុខា ត្រូវជាប់ឃុំ កឹម មនោវិទ្យា បែរជាចោទក្រុមតំណាងរាស្ត្រមួយចំនួនធំថា មិនហ៊ានចេញមុខសាធារណៈ និងបានចោទថាបើមានតែតំណាងរាស្ត្របន្តិចបន្តួចហ៊ានចេញមុខ តើដំណើរការបក្សទៅម៉េចនឹងរួច?

សាររបស់ កឹម មនោវិទ្យា បង្ហាញកាន់តែច្បាស់ពីការបែកបាក់ផ្ទៃក្នុងបក្ស បាត់ភាពម្ចាស់ការក្នុងការគ្រប់គ្រងបក្ស។ សុន ឆ័យ បានវាយសំពង មូរ សុខហួរ ដោយសារ តែបញ្ចេញមតិអត្តនោម័តលើគោលជំហរបក្ស ដោយមិនបានឆ្លងគណៈអចិន្ត្រៃយ៍ ឬសមាជបក្សលើការមិនចូលរួមបោះឆ្នោត ប៉ុលហំម និងក្រុម កឹម សុខា និយម មិនអាចគ្រប់គ្រងផ្ទៃក្នុងបាន មន្ត្រីជាន់ខ្ពស់ម្នាក់ៗខ្លាំងរៀងៗខ្លួន គ្មាននរណាស្តាប់នរណា ហើយវ៉ល់ពេញបក្ស ប្រៀបបាននឹងពស់ក្បាលពីរដាច់ត្រឹមក សល់តែដងខ្លួន មិនដឹងទិសដៅច្បាស់លាស់។ កូនស្រី កឹម សុខា បង្ហាញគោលជំហរផ្សេងៗមិនឆ្លងបក្សដែលពេលខ្លះកាន់តែបង្កគ្រោះអាសន្នដល់បក្ស និង កឹម សុខា ដែលកំពុង ជាប់ឃុំទៀត។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជិតកន្លះខែហើយ។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទក្បត់ជាតិ។ សំណុំរឿងនេះ ក៏ត្រូវបានសភាសម្រេចបើកផ្លូវ តុលាការអនុវត្តន៍លើសំណុំរឿងនេះផងដែរ។ ក្រៅពីការប្រតិកម្មមួយចំនួនរបស់សហគមន៍អន្តរជាតិ គេសង្កេតឃើញថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលភាគច្រើនកំពុងស្ថិតនៅឯក្រៅប្រទេសនោះ មិនសូវជាបានធ្វើយុទ្ធនាការ ឬសម្តែងមតិប្រតិកម្មអ្វីនោះឡើយលើសំណុំរឿងនេះ៕