(តាកែវ)៖ លោកស្រី អាន្នី សុខ អាន​​ និងក្រុមគ្រួសាររួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃចំនួន១២វត្ត ក្នុងស្រុកគិរីវង់ នាឱកាសពិធីកាន់បិណ្ឌទី១១ នៅវត្តឧទ្ទម្ពរក្រោម ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ទេយ្យវត្ថុដែលលោកស្រី អាន្នី សុខ អាន បានប្រគេនដល់វត្តទាំង១២នោះ រួមមាន៖ អង្ករ១បាវ ទឹកត្រី១កេះ ទឹកស៊ីអ៊ីវ១កេះ មីយើង១កេះធំ ត្រីខកំប៉ុង១កេះ ទឹកដោះគោ១កេះ អូវ៉ាន់ទីន១កេះ ទឹកបរិសុទ្ធ១កេះ ទឹកផ្លែឈើ១កេះ ទឹកក្រូច១កេះ តែ ស្ករស ផ្លែឈើ១កន្ត្រក និងថវិកា២លានរៀលផងដែរ។

ជាមួយគ្នានោះ លោក សុខ សូកាន​ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាកូនប្រុសរបស់សម្ដេចវិបុលបញ្ញា សុខ អាន ក៏បាននាំយកនូវសម្ភារមួយចំនួន ចែកជូនលោកតា លោកយាយ អ៊ុ ពូ មីងដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌនេះផងដែរ រួមមាន៖
លោកតា លោកយាយចំនួន៥០នាក់ ទទួលបានក្រមា ស១ និងថវិកា១ម៉ឺនរៀល និងប្រជាពលរដ្ឋ​ចំនួន២០០នាក់ ម្នាក់ៗទទួលបានសារុង១។

គួរបញ្ជាក់ថា​ នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ មានវត្តទាំងអស់ចំនួន៤៩វត្ត ប៉ុន្តែនៅក្នុងពិធីកាន់បិណ្ឌថ្ងៃនេះមានព្រះសង្ឃចំនួន១២វត្ត​ បាននិមន្តចូលរួម។​ ដោយឡែកវត្តចំនួន៣៧ទៀត ដែលមិនបានចូលរួមនោះ ក៏ទទួលបានបច្ច័យចំនួន ១លានរៀល ក្នុងមួយវត្តៗផងដែរ។

សូមជម្រាបថា ការចូលរួមកាន់បិណ្ឌរបស់លោកស្រី អាន្នី សុខ អាន នាថ្ងៃនេះ ជាការប្រតិបត្តិតាមប្រពៃណីសាសនាក្នុងនាមពុទ្ធសាសនិកមួយរូប ហើយក៏ដើម្បីកសាងបុណ្យកុសលឧទ្ទិសចំពោះស្វាមីរបស់លោកស្រី គឺសម្ដេចវិបុលបញ្ញា សុខ អាន ដែលបានចែកឋានទៅផងដែរ៕