(ភ្នំពេញ)៖ ដើម្បីអបអរខួបមួយឆ្នាំ នៃកម្មវិធីភាពជាដៃគូ រវាងនិស្សិត និង Microsoft និងកម្មវិធីយុវជន YouthSpark របស់ Microsoft នៅកម្ពុជា ដែលបើកឱកាសកាន់តែច្រើន ដល់យុវជនកម្ពុជា ឲ្យទទួលបានការបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យា និងបច្ចេកទេស ដើម្បីអភិវឌ្ឍជំនាញឲ្យកាន់តែប្រសើរទៅថ្ងៃអនាគត ក្រុមហ៊ុន Microsoft បានអបអរសាទរ ខួបគំរប់១ឆ្នាំ នៃកម្មវិធីភាពជាដៃគូររវាងនិស្សិត និងMicrosoft (MSP) និងកម្មវិធីយុវជន YouthSpark របស់ Microsoft នៅកម្ពុជា ដែលពិធីអបអរបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កម្មវិធីភាពជាដៃគូរវាងនិស្សិត និង Microsoft (MSP) បង្កើតឡើងក្នុងគោលបំណងបណ្ដុះជំនាញបច្ចេកវិទ្យាដល់ យុវជន តាមរយៈការផ្ដល់មូលដ្ឋានមួយ សម្រាប់បង្កើតសហគមន៍របស់និស្សិត ផ្ដោតលើបច្ចេកវិទ្យា ក៏ដូចជាការផ្ដល់ជូនការបណ្ដុះបណ្ដាល និងធនធានថ្មីៗបំផុត ។ នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការមិនរកប្រាក់ចំណូល ឈ្មោះថា STEM Cambodia ដែលក្នុងនោះ ក្រុមហ៊ុន Microsoft បានជ្រើសរើសនិស្សិតពូកែៗចំនួន៥៤នាក់ មកពីវិទ្សាស្ថានចំនួន១០ នៅទីក្រុងភ្នំពេញ ក្នុងរយៈកាលមួយឆ្នាំមកនេះ ដើម្បីទទួលបានការបណ្ដុះបណ្ដាល ផ្នែកបច្ចេកទេស ស្ដីពីភាសាលើការផលិតកម្មវិធី (Programming) និងកម្មវិធីផ្សេងទៀតដូចជា Xamarin និង ASP.net ។

និសិ្សតទាំងនោះ ក៏មានឱកាសអភិវឌ្ឍភាពជំនាញភាព ជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងជំនាញគ្រប់គ្រងគម្រោង ក្នុងពេលចូលរួមវគ្គសិក្សានៃកម្មវិធីនេះ។ ក្នុងនាមជាទូត របស់ក្រុមហ៊ុន Microsoft តំណាងឲ្យសាលារៀនពួកគេម្នាក់ៗ កម្មវិធី MSP បានរៀបចំព្រឹត្តិការណ៍ និងសិក្ខាសិលានានា ហើយបានបង្កើតសហគមន៍បច្ចេកវិទ្យាដ៏សកម្មមួយយ៉ាងជោគជ័យ ដែលមាននិស្សិតជាង ៧០០នាក់ នៅក្នុងសហគមន៍នោះ។

លោក Allen Dodgson Tan នាយកគ្រប់គ្រងអង្គការ STEM កម្ពុជា បានឲ្យដឹងថា៖ «កម្មវិធី MSP របស់ Microsoft គឺកំពុងតែជួយបំពាក់បំប៉នជំនាញសំខាន់ជាសកល ដល់វិស័យព័ត៌មានវិទ្យា ដែលកំពុងលូតលាស់នៅកម្ពុជា ។ កម្មវិធីនេះបានផ្ដល់ឱកាសពិសេស សម្រាប់និស្សិតដែលពាក់ព័ន្ធ ហើយជាលទ្ធផលនឹងលើកកម្ពស់ជំនាញនៅក្នុងវិស័យនេះទាំងមូល»។

Dalya Limchan ដែលស្ថិតក្នុងកម្មវិធី MSP បានបន្ថែមថា៖ «នេះជាកម្មវិធី ដែលបណ្តុះនិស្សិតឲ្យមានគំនិតច្នៃប្រឌិតថ្មី និងផ្តល់ឱកាសដល់ពួកយើងដើម្បីបានអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញគិត ។ យើងត្រូវបានផ្តល់ថាមពល ដើម្បីត្រៀមខ្លួនសម្រាប់អាជីពការងារទៅថ្ងៃអនាគត»។

ជួយឲ្យយុវជនទាំងអស់ត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត កម្មវិធី YouthSpark របស់ Microsoft ដែលអនុវត្តទូទាំងសកលលោក គឺមានគោលបំណង ជួយឲ្យយុវជនទាំងអស់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់អនាគត តាមរយៈការផ្តល់ឲ្យពួកគេ នូវជំនាញគិតបែបឌីជីថល និងបែបកុំព្យូទ័រ ដែលជំនាញទាំងនេះ គឺជាធាតុសំខាន់សម្រាប់អនុញ្ញាត ឲ្យពួកគេទទួលបានភាពជោគជ័យ ក្នុងបរិបទសេដ្ឋកិច្ច ដែលមានកំណើនតាមរយៈវិស័យបច្ចេកវិទ្យា និងជួយឲ្យពួកគេបានក្លាយជាអ្នកបង្កើតថ្មី និងជាកម្លាំងចលករសម្រាប់កំណើនអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន តាមរយៈធនធាន និងបរិក្ខារដែលបានផ្ដល់ជូន ។

ក្នុងរយៈកាលមួយឆ្នាំមកនេះ ក្រុមហ៊ុន Microsoft បានកំពុងតែសហការ ជាមួយអង្គការមិនរកប្រាក់ចំណូលនានា នៅប្រទេសកម្ពុជា ដើម្បីជួយរៀបចំឲ្យយុវជន មានការងារធ្វើនៅក្នុងសេដ្ឋកិច្ចបែបឌីជីថល។ ក្នុងនោះរួមមាន៖

*អង្គការមូលនិធិកុមារកម្ពុជា (CCF)៖ ពង្រីកការអប់រំបែបឌីជីថល ដែលមានគុណភាពខ្ពស់ រាប់ចាប់ពីការអប់រំផ្នែកអក្ខរកម្មមូលដ្ឋាន រហូតដល់ការណែនាំឲ្យស្គាល់អំពីវិទ្យាសាស្ត្រកុំព្យូរទ័រដល់កុមារជាង ១៧០០ នាក់នៅក្នុងតំបន់ក្រីក្រ ស្ថិតនៅស្ទឹងមានជ័យ។

*អង្គការមិត្តសំឡាញ់អន្តរជាតិ (Friends-International)៖ ផ្តល់ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងផលិតភាព ដល់យុវជនដែលបាត់បង់ឱកាសចំនួន ៣០០ នាក់ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីកាត់ផ្ដាច់វដ្ដនៃភាពក្រីក្រពីមួយជំនាន់ទៅមួយជំនាន់។

*អង្គការ Passerelles Numériques៖ ការផ្តល់ច្រកចេញពីភាពក្រីក្រ តាមរយៈការបណ្តុះបណ្តាលថ្នាក់បច្ចេកទេស រយៈពេល២ឆ្នាំ សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតចំនួន ២០០ នាក់ នៅតាមមណ្ឌលចំនួនបីក្នុងប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

លោក Nicky Ward អ្នកគ្រប់គ្រងផ្នែកជំនួយ នៃអង្គការ CCF បានថ្លែងថា៖ «គោលបំណងរួមរបស់យើង គឺបង្កើតសង្គមមួយ ដែលមានសុវត្ថិភាព និងឯករាជ្យ ដែលផ្ដល់លទ្ធភាព ដល់មនុស្សជំនាន់ក្រោយៗ មានភាពម្ចាស់ការលើខ្លួនឯង ផ្នែកសេដ្ឋកិច្ច គិតគូដល់សហគមន៍ និងជាអ្នករួមចំណែកយ៉ាងសកម្ម ដល់ការរស់នៅ ក្នុងប្រទេសកម្ពុជា។ តាមរយៈភាពជាដៃគូជាមួយកម្មវិធីសប្បុរសធម៌របស់ Microsoft យើងអាចផ្តល់ការអប់រំឌីជីថលដែលមានគុណភាពខ្ពស់ និងមានសារៈសំខាន់ ដល់យុវជន ដើម្បីឲ្យពួកគេសម្រេចបាននូវសក្ដានុពលពេញលេញរបស់ខ្លួន និងក្លាយជាកាតាលីករមួយដើម្បីសម្រេចបាននូវគោលដៅផ្សេងទៀត ដូចជាការកាត់បន្ថយភាពក្រីក្រ ការជម្រុញឱកាសការងារ និងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច»។

នៅពេលនេះ កម្មវិធី Microsoft YouthSpark បានឈានចូលដល់ឆ្នាំទីពីរហើយ ហើយក្រុមហ៊ុន Microsoft នឹងបន្តពង្រីកការងាររបស់ខ្លួននៅកម្ពុជា ដើម្បីជួយបំពេញតម្រូវការផ្នែកអភិវឌ្ឍវិស័យអប់រំ និងសេដ្ឋកិច្ច និងផ្តល់អំណាចដល់សហគមន៍ ដើម្បីសម្រេចបានជោគជ័យ កាន់តែច្រើនថែមទៀត ។ តាមរយៈកម្មវិធី ការតបស្នងរបស់បុគ្គលិក (Employee Giving Program) ក្រុមស្ម័គ្រចិត្តបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២១ ដល់២២សីហា ឆ្នាំ២០១៧ និងបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន ផ្នែកឌីជីថលរបស់អង្គការ CCF ផងដែរ៕