(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ក្រសួង ថ្នាក់ខេត្ត ស្រុក ឃុំ និងមូលដ្ឋានសរុបប្រមាណ១២០នាក់ ដែលកិច្ចប្រជុំនេះ ផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារ ការជំរុញការចុះឈ្មោះបោះឆ្នោតថ្មី និងការពង្រឹងការគ្រប់គ្រង និងពង្រឹងសមាជិកបក្ស។។

បន្ទាប់ពីលោកអនុប្រធានគណបក្សស្រុក បានឡើងអានរបាយការណ៍ពីលទ្ធផលនៃការធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្ស និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល និងបានដាក់ចេញនូវផែនការអនុវត្តបន្តសំខាន់ៗដូចខាងក្រោម៖

១៖ ក្រុមការងារត្រូ​វបន្តជំរុញការចុះធ្វើបច្ចុប្បន្នភាពសៀវភៅគ្រួសារសមាជិកបក្ស ឲ្យបានតាមផែនការកំណត់ ដោយត្រូវចាត់ឲ្យមានក្រុមការងារតាមភូមិចុះធ្វើជាប់ជាប្រចាំ និងមានមន្ត្រីទទួលបន្ទុកជាការីកុំព្យូទ័រច្បាស់លាស់។

២៖ ត្រូវរៀបចំផែនការសកម្មភាពការងារតាមឃុំ និងភូមិឲ្យបានច្បាស់លាស់។

៣៖​ ត្រូវពង្រឹងកម្លាំងសកម្មជន និងយុវជនឃុំ ភូមិនៅមូលដ្ឋាន។

៤៖ ត្រូវពង្រឹងការគ្រប់គ្រង និងពង្រីកសមាជិកបក្ស។

៥៖ ក្រុមការងារត្រូវចុះដល់ភូមិ ក្រុម និងគ្រួសារបក្ស ដើម្បីក្ដាប់សភាពការណ៍ និងត្រួតពិនិត្យការអនុវត្តការងារ និងបង្កលក្ខណៈដល់សាខាបក្សភូមិ និងយុវជនភូមិក្នុងការអនុវត្តការងារ។

៦៖ ត្រូវជំរុញចលនាសមាជិកបក្ស និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕