(ភ្នំពេញ)៖ តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម Facebook ជាមួយនឹងវីដេអូ​កម្មការិនីជាច្រើននាក់ កំពុងថតរូបនិងអោបថើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ខណៈដែលសម្ដេចចុះទៅផ្ទាល់នៅតាមបណ្ដារោងចក្រនោះ ស្ដ្រីម្នាក់ដែលជាកម្មការិនីផ្ទាល់ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ដែលកន្លងមកនាងធ្លាប់តែជេរ និងរិះគន់សម្ដេច តាមគេតាមឯង ដោយមិនបានស្វែងយល់ការពិត ហើយពេលនេះទើបដឹងថា មានតែសម្ដេចម្នាក់ដែលរួម​សុខរួមជាមួយ ពលរដ្ឋពិតប្រាកដ។

Facebook ដែលមានឈ្មោះ «នារីរោងចក្រស្រីដាវ» បានបង្ហោះសារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលបង្ហាញពីអារម្មណ៍ពិតនៅពេលជួប សម្ដេចនាយករដ្ឋមន្ដ្រីយ៉ាងដូច្នេះថា ​«បានថតនឹងសម្តេចមួយសន្លឹកដែល ខ្ញុំក៏មិនខុសពីបងៗដែល ពីមុនខ្ញុំតែងតែជេរលោក តាមគេតាមឯង តែពេលនេះខ្ញុំយល់ យ៉ាងច្បាស់ហើយថា គ្មានអ្នកណាជួយគ្រួសារយើង នឹងរួមរស់ជាមួយប្រជាជនពិតប្រាដកដូចលោកនោះទេ។ ​ខ្ញុំពិតជាទប់ទឹកភ្នែកមិនបានសោះ នៅពេលបានជួបមនុស្ស ដែលខ្ញុំធ្លាប់គិតខុសលើគាត់ ហើយបែរជាគាត់ខិតខំធ្វើរឿងគ្រប់យ៉ាង ដើម្បីយើង និងប្រជាជនជាច្រើនទៀត សឹងតែគ្មានពេលសម្រាក អរគុណសម្តេចខ្លាំងបំផុត ចំពោះការយកចិត្តទុកដាក់ចំពោះយើងខ្ញុំ និងប្រជាជនគ្រប់ទិសទី ហើយក៏សុំទោសរាល់ការខុសឆ្គងពីមុន ដែលនាងខ្ញុំគិតខុសចំពោះលោកកន្លងមក»