(ភ្នំពេញ​)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០១៧នេះថា មន្ត្រីយោធាម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវចាប់ខ្លួន​បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំ ក្រោយពីបានប្រើហិង្សា ដោយយកប៉ាន់តែទៅវាយក្បាលមន្ត្រីនគរបាលម្នាក់ បណ្ដាលឲ្យរងរបួសហូរឈាមដេរចំនួន៦ត្នេរ​។

ជន​ដៃដល់​ជាមន្ត្រីយោធាមាន​ឈ្មោះ ​កែវ វិជ្ជា អាយុ​៣១​ឆ្នាំ និង​ជា​និស្សិត​ ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។ ឯជន​រង​គ្រោះ​ឈ្មោះ ​អ៊ុ ពិសិដ្ឋ អាយុ​៣១​ឆ្នាំ ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ករណីមន្ត្រីយោធា បានប្រើហិង្សាវាយលើមន្ត្រីនគរបាល បណ្ដាលឲ្យបែកក្បាលរងរបួសហូរឈាម ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាម្លេះ ដោយសារតែយោងតាមសាក្សី នៅមុនពេលកើតហេតុ គេបានឃើញ​ជនបង្ក​ជិះ​រថយន្ត​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​2A-2086 មួយ​គ្រឿង​ជាមួយ​ឪពុក​ ដោយបើកចូល​ក្នុងភូមិ​សាមគ្គី ដើម្បីយករថយន្ដទៅទុកនៅផ្ទះ រួចហើយក៏យកម៉ូតូជិះដឹកបក្ខពួកម្នាក់ទៀត ដោយយកប៉ាន់តែមកធ្វើសកម្មភាពវាយ​ក្បាល​មន្ត្រី​នគរបាល បណ្ដាលឲ្យបែកហូរឈាមដេរចំនួន៦ត្នេរ រួចរត់គេចខ្លួនបាត់ម្នាក់ បន្ទាប់ពីកើតហេតុភ្លាមៗ ខណៈជនបង្កជាមន្ត្រីយោធា បានរត់ចូលទៅលាក់ខ្លួនក្នុងផ្ទះ រហូតដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា ទើបឃាត់ខ្លួនបាន ដោយសហការជាមួយលោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ។

បច្ចុប្បន្ន ជនសង្ស័យជាមន្ត្រីយោធា ដែលបានយកប៉ាន់តែវាយទៅលើក្បាលមន្ត្រីនគរបាល បណ្ដាលឲ្យបែកហូរឈាមដេរដល់ទៅ៦ថ្នេរ ត្រូវបាននិងកំពុងបន្តឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ក្នុងករណីហិង្សា​ដោយចេតនា៕