(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ​លោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគមនារីកម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍​ តំណាង​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ​ ពីស្ថាប័នព្រឹទ្ធសភា​ រដ្ឋសភារាជរដ្ឋាភិបាល ជាក្រុមការងារ

ថ្នាក់ជាតិ​-ថ្នាក់ក្រោមជាតិ បានអញ្ជើញទៅចូលរួម ក្នុងពិធីរាប់បាត្រដារឆ្លងពិធីកាន់បិណ្ឌវេនទី១១ ​ដោយនាំយកគ្រឿងបរិក្ខារទៅប្រគេនដល់ ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តប្រាសាទរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក​ ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទប្រជាពលរដ្ឋ សិស្សានុសិស្សមន្រ្តីរាជការសរុបចំនួនជាង៥០០នាក់។

ក្នុងឱកាសនោះ​ លោកស្រី ម៉ៅ​ ម៉ាល័យ​ បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រជាជនទាំងអស់ដែលតែងគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា​គ្រប់ទីកន្លែង ​បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់ បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខសិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយ នឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះដែរ​ លោកស្រី ម៉ៅ​ ម៉ាល័យ​ បានសម្តែងនូវសេចក្តីរីករាយ​ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្មារតីសាមគ្គីគ្នា​ ឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជន​ដែលមានសម្តេចតេជោ ហ៊ុន​ សែន​ ជាប្រមុខ។

កាលណា ប្រទេសជាតិមានសុខសន្តិភាពយើង បានមកអង្គុយធ្វើបុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្ឌជាមួយគ្នា ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន​ ដែលបានចែកឋាននៅកាន់បរលោក និងចែករំលែកកុសលផលបុណ្យ ជូនទៅព្រលឹងបុព្វបុរស​ យុទ្ធជន​ យុទ្ធនារី​ ដែលបានពលីជិវិតក្នុងបុព្វហេតុជាតិមាតុភូមិ​ សូមឲ្យដួងវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់នោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។

ជាមួយគ្នានោះ​ លោកស្រី​ ម៉ៅ​ ម៉ាល័យ​ បាននាំយកទេយ្យទានគ្រឿងបរិក្ខារ​ និងអំណោយដើម្បីប្រគេននិងចែកជូន​ រួមមាន៖ ១. អង្ករ ២០០ គីឡូក្រាម, ២. ទឹកក្រូច ៥កេស, ៣. ទឹកបរិសុទ្ធ ១០កេស, ៤. ទឹកស៊ីអ៊ីវ១០យួរ, ៥. ទឹកត្រី១០យួរ, ៦. មី ១០ កេស, ៧. ទឹកផ្លែឈើ ៥កេស, ៨. ប្រគេនបច្ច័យបុណ្យបាន ៦៨២១០០០រៀល, ៩. ស៊ីម៉ង់១១តោន,​១០. ប្រជាពលរដ្ឋចូលរួមចំនួនជាង៥០០នាក់ ក្នុងម្នាក់ៗទទួល បានអំណោយសារ៉ុង១៕