(កណ្តាល)៖ នាយឧត្តមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្តកណ្ដាល និងជាប្រធានគណៈពង្រឹងស្រុកកណ្តាលស្ទឹង បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ននេះមានភព្វ័សំណាងណាស់ មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្សមកពី៣វិទ្យាល័យ វិទ្យាល័យកំពង់កន្ទួត វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស និងវិទ្យាល័យព្រែកស្លែង នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន៥១២នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២១-២២ ខែសីហា កន្លងមកនេះ។

នាយឧត្តមសេនីយ៍ បានបន្តថា «យុវជនសម័យតេជោមានភព្វ័វាសនាល្អជាងយុវជនជំនាន់មុនៗ មិនបានរៀនសូត្រ រងការទំលាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់ មកលើទឹកដីកម្ពុជាជំនាន់របបលន់ណុល និងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្សរិ៍។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកត្រើយសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ​​ និងការអភិវឌ្ឍទូទាំងប្រទេស មានហេដ្ឋារចនាសម្ពន្ធ័ សង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឱ្យយុវជននាបច្ចុប្បន្ននេះ មានឱកាសក្រេបជញ្ជក់នូវចំណេះដឹងពេញលេញទាំងនៅក្នុង និង​ក្រៅប្រទេស»

នាយឧត្តមសេនីយ៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ ដោយជម្រុញការកសាងសាលារៀនរាប់ពាន់ខ្នង និងបើកឱ្យមានវិទ្យាល័យនៅតាមឃុំបង្ខិតឱ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា។ លោកបានជម្រុញលើកទឹកចិត្តឱ្យយុវជនជាសិស្សានុសិស្ស បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនបរទេសជាពិសេសប្រទេសចិន បានមកបណ្ដាក់ទុននៅកម្ពុជាជាច្រើនដូចនេះ កម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជម្រុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើរដល់សិស្សានុសិស្ស ស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដ នៃប្រទេសជាតិ។ តាមរបាយការណ៍របស់លោកនាយកសាលាបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៦ដល់២០១៧ មានបេក្ខជនដែលបានចូលរួមប្រឡងទូទាំងស្រុកកណ្ដាលស្ទឹង មានចំនួនសរុប៥១២នាក់ ប្រឡងជាប់២៤៣នាក់ ប្រឡងធ្លាក់២៦៩នាក់ សិស្សជាប់និទ្ទេសA ចំនួន២នាក់ និទ្ទេសBចំនួន១៣នាក់ និទ្ទេសC ចំនួន៣៦នាក់ និទ្ទេស D ចំនួន៤១នាក់ និងនិទ្ទេស Eចំនួន១៥១នាក់។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគល់អគារមួយខ្នងនៅវិទ្យាល័យកំពង់កន្ទួត និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សនិទ្ទេសA ចំនួន២នាក់ម្នាក់ៗម៉ូតូហ្សូមើរ១គ្រឿង ថវិកា៤០ម៉ឺនរៀល និងកុំព្យូទ័រឡែបថប១គ្រឿង និទ្ទេសB១៣នាក់ម្នាក់ៗ ថវិការ៤០ម៉ឺនរៀល និងកុំព្យូទ័រឡែបថប១គ្រឿង និទ្ទេសC ៣៦នាក់ និទ្ទេស D៤១នាក់និងនិទ្ទេស E១៥១នាក់ម្នាក់ៗថវិការ២០ម៉ឺនរៀល និងសិស្សប្រឡងធ្លាក់ចំនួន២៦៩នាក់ម្នាក់ៗថវិកា១០ម៉ឺនរៀល៕