(សៀមរាប)​៖ យុទ្ធនាការ «សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧» ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែល​រៀប​ចំ​ឡើងដោយអង្គការ មូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍​ផ្លូ​វគោក និងបណ្តាអ្នកពាក់ព័ន្ធ ផ្សេងទៀត នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប និងដោយមានដង្ហែជាក្បួនយុទ្ធនាការតាមដងផ្លូវ មួយចំនួនក្នុងក្រុងសៀមរាប​។

ពិធីនេះក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស ​អាស៊ី ប្រចាំនៅកម្ពុជា និងដោយមានអ្នកចូលរួមពីលោក, លោកស្រី តំណាងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរពាក់ព័ន្ធនានា តំណាងអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា និង​សិស្សានុសិស្ស សរុបប្រមាណ​៣០០នាក់។

​លោកស្រី មឹន មាណវី ​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា និងជំនួយរបស់អូស្រ្តាលី ដែលបានខិតខំយកចិត្តទុកដាក់ ​ប្រឹងប្រែងយកអស់ពីកម្លាំង​កាយចិត្ត សហការ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវរាល់សកម្មភាព ការងារសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ក្នុងពេល​កន្លងមក​ ក៏ដូចជាពេលប្ចុប្បន្ន ដើម្បីទប់ស្កាត់, លុបបំបាត់ និងកាត់បន្ថយ​នូវគ្រោះថ្នាក់ចរាចរ​ណ៍ ដែលតែងកើតមានឡើង​ជារៀងរាល់ថ្ងៃ​។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលនេះ អង្គការបានចែកមួកសុវត្ថិភាព ចំនួន​ជាង៥០,០០០​មួក ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាជនកម្ពុជា ហើយនៅថ្ងៃនេះបានចែកជូនមួកសុវត្ថិភាព ចំនួន​២៤៨​មួក។

លោកស្រី បញ្ជាក់ថា ដោយប្រទេសកម្ពុជា មានសន្ដិភាព ពិសេសសេដ្ឋ​កិច្ចសង្គមជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ចជាតិមានកំណើនជារៀងរាល់ឆ្នាំ ធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងមានលទ្ធភាព ទិញយានយន្ដសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់បុត្រធីតាផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចំនួនយានយន្ដនៅទូទាំងប្រទេស មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលជាមូលហេតុមួយនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងក្នុងតួលេខគួរឲ្យ​ព្រួយបារម្ភ ដោយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏ធំមួយ នាពេលបច្ចុប្បន្ន។

​ហានិភ័យទាំងឡាយ ដែលបានកើតឡើងជាយថាហេតុ ដោយសារតែការធ្វេសប្រហែស ការមិនយោគយល់ អធ្យាស្រ័យ ការមិនចេះ និងមិនគោរពច្បាប់ចរាចរណ៍ជាដើម ដោយបើកបរ​មិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់​សុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការបើកបរហួសល្បឿនកំណត់ ការវ៉ា/ជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរ ឬ​ធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ ការមិនគោរពសិទ្ធិអាទិភាពពេលបើកបរ ការប្រើទូរស័ព្ទដៃពេលបើកបរ ការត្រួតពិនិត្យយានយន្ត និងគ្រឿងបរិធាន ការបើកបរដោយមិនមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទយានយន្ត ការមិនបានបំពាក់សម្ភារៈចំណាំង និងកត្តាផ្សេងៗទៀត ពិសេសកត្តាអ្នករងគ្រោះនោះ ពុំបានពាក់មួកសុវត្ថិភាព។ គ្រោះថ្នាក់នេះបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្ដិ អាយុ​ជីវិត​មនុស្ស និងបន្សល់ទុកនូវបញ្ហាពិការភាព កុមារកំព្រា ស្រ្ដីមេម៉ាយ ចាស់ឥតទីពឹង និងបញ្ហាសង្គមផ្សេងៗមួយចំនួនទៀត។​

លោកស្រីរដ្ឋលេខាធិការ បន្ថែមថា ពាក់មួកសុវត្ថិភាពដែលទទួលបានក្នុងថ្ងៃនេះ ត្រូវពាក់​ជាប់ជាប្រចាំ នៅរៀងរាល់ពេលធ្វើដំណើរដោយទោចក្រ​យាន និងទោចក្រយានយន្ដនៅលើដងផ្លូវ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ក្នុងពេលធ្វើដំណើរ ព្រោះមួកសុវត្ថិភាព គឺអាចជួយការពារអាយុជីវិត ឬ​ការទទួលរងរបួសក្បាលធ្ងន់ធ្ងរ ដូចប្រសាសន៍​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានជំរុញឲ្យប្រជាពលរដ្ឋ គ្រប់វ័យទាំងអស់​ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរតាមទោចក្រយានយន្ដ មិនថាបើកបរនៅពេលណា ទីកន្លែងណា ទាំងអ្នក បើកបរ និងអ្នករួមដំណើរជាមួយតាមទោចក្រយានយន្ដ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»៕