(ត្បូងឃ្មុំ)៖ លោក ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី, លោក ហាក់ សុខមករា អភិបាលរងខេត្ត លោកឧកញ៉ា សូ សេត និងលោកស្រី លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្តាល ចុះជួយឃុំ និងក្រុមការងារថ្នាក់ខេត្ត ក្រុមការងារយុវជនខេត្ត ស្រុក ឃុំ និងសកម្មជនយុវជនភូមិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ​ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណគិរីជ្រៃទោលហៅ (វត្តបុស្សល្ហុង) ស្ថិតនៅភូមិតាត្រាវ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តដែលបានចូលរួមកាន់បិណ្ឌ ប្រកបទឹកមុខ ស្នាមញញឹម និង​កាយវិការប្រតិបត្តិ ធម្មទាន ដោយជ្រះថ្លា របស់ពុទ្ធបរិស័ទទាំងអស់ គឺពិតជាបានបញ្ជាក់ថា ប្រជាជនកម្ពុជា បាននិងកំពុងរស់នៅ ប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និង​ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរ​ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមកហើយពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោក ទៅហើយដើម្បីទទួលបាន​ សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា៕