(ព្រះវិហារ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំ ប្រតិភូសាលាខណ្ឌទាំង១២ មកដល់តំបន់ប្រាសាទព្រះវិហារ ដើម្បីបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគនិងថវិការបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនលានរៀលមកចែកជូនមន្រ្តីយោធាដែលកំពុង ឈរជើងការពារទឹកដី នៅតំបន់សមរភូមិប្រាសាទព្រះវិហារ ដែលបានចងសម្ព័ន្ធភាព រវាងសមរភូមិជួរមុខ និងសមរភូមិខាងក្រោយ។

ពិធីចែកជូនមន្រ្តីនាយទាហាន ពលទាហាន បានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៣ ស្ថិតនៅតំបន់អូរជុញ ភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍គណ:ប្រតិភូ ពីសំណាក់នាយឧត្តមសេនីយ៍ អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៌លេខ៣ ព្រមទាំងមន្រ្តី យោធាជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។

លោកឧត្តមសេនីយ៍ ស្រី ឌឹក ក្នុងឱកាសនោះបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមកនិងពេលនេះ តែងបានគិតគូរជានិច្ចពីសុខទុក្ខ និងការលំបាករបស់កងទ័ពនៅជួរមុខនេះ ដោយក្រៅបានជួយសាងសង់ផ្ទះអោយបងប្អូនកងទ័ពយើង មិនតែប៉ុណ្ណោះនូវបានចែកដីដើម្បីបង្កបង្កើនផល ក្នុងជីវភាពគ្រួសារ កងទ័ពថែមទៀត។

លោកឧត្តមសេនីយ៍ស្រី ឌឹក បានថ្លែងទៅកាន់គណៈប្រតិភូសាលារាជធានីភ្នំពេញថា «ក្នុងនាមកងកម្លាំងកងព័ពទាំងអស់សូមប្តេជ្ញា កំទេចចោលរាល់បរទេស និងជនទាំងឡាយណា ដែលប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសបដិវត្តន៍ពណ៍របស់ក្រុមប្រឆាំងនៅកម្ពុជា ពោលគឺមិនឲ្យពួកគេនាំសង្គ្រាមមកបំផ្លាញប្រទេសកម្ពុជា ជាដាច់ខាត»។

នៅចំពោះមុខនាយទាហាន ពលទាហាន លោក ឃួង ស្រេង បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការកែទម្រង់៤ចំណុចសំខាន់ ដើម្បីឲ្យប្រទេសជាតិមានសន្តិភាព និងមាបការអភិវឌ្ឍក្នុងរួមមាន ការកែទម្រង់ដោយ ប្រឆាំងនឹងអំពើពុករលួយ ការទម្រង់ច្បាប់ កែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធឲ្យបានខ្លាំងក្លា និងរឹងមាំ។

លោកអភិបាលបន្តថា «យើងបានប្រែក្លាយតំបន់សមរភូមិមុខ ក្លាយជាតំបន់អភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានណែនាំ ឲ្យមានការ ចុះអនុស្សារណៈរវាងសមរភូមិជួរមុខ និងសមរភូមិជួរក្រោយ ដើម្បីបង្កើនកិច្ចសហការ និងចំណងមិត្តភាពកាន់តែខ្លាំងឡើង»។

អំណោយដែលលោកអភិបាលរាជធានីភ្នំពេញ នាំមកនាពេលនេះ រួមមាន៖ មេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង២៣នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច មេបញ្ជាការ មេបញ្ជាការកងអនុសេនាធំ អនុសេនាតូច៣៣៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល នាយទាហាន ពលទាហាន៦២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល គ្រូនិងសិក្ខាកាម៣១៨នាក់ ក្នុងនោះ លោកគ្រូចំនួន០៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។

សិក្ខាកាមមកពីកងពលតូចអត្តរាគមន៍លេខ៧ និងលេខ៨ ចំនួន៣១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។ គ្រឿងឧបភោគ បរិភោគ មានមីចំនួន៣០០កេសតូច ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៦០០កេស ប្រេងម៉ាស៊ូត៥០០០លីត្រ។

កងពលតូចអន្តរាគមន៍លេខ៩ ដែលទទួលបាន ក្នុងនោះ មេបញ្ជាការ១រូប ទទួលបានថវិកាចំនួន៤សែនរៀល មេបញ្ជាការរង១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល នាយសេនាធិការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរងវរសេនាតូច៤០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។ នាយ និងពលទាហាន១៤៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។ គ្រឿងឧបភោគ បរិភោគ មានមីចំនួន៥០០កេសតូច ទឹកត្រីចំនួន១៥០យួរ ទឹកស៊ីអ៊ីវចំនួន១៥០យួរ ទឹកសុទ្ធចំនួន៩០០កេស ប្រេងម៉ាស៊ូត ៥០០០លីត្រ។ វរៈនគរបាលការពារព្រំដែន៧៩៣ ទទួលបាន ក្នុងនោះមេបញ្ជាការ១រូប ទទួលបានថវិកាចំនួន២សែនរៀល មេបញ្ជាការរង៥នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល នាយ និងពលនគរបាល២៩៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល គ្រឿងឧបភោគ បរិភោគមានមី ចំនួន១០០កេសតូចទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៤០០កេស។

មេបញ្ជាការដ្ឋានអង្គរក្ស ទទួលបានថវិកា៤០លានរៀល គ្រឿងឧបភោគ បរិភោគ មានមីចំនួន២៥០កេសតូចទឹកត្រីចំនួន១០០យួរ ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកសុទ្ធចំនួន៦០០កេស ។ អគ្គបញ្ជាការប្រចាំទិសប្រាសាទព្រះវិហារ ទទួលបានថវិកាចំនួន ៥លានរៀល។វត្តឧត្តមសែនជ័យ(នៅកងពលតូចអន្តរាគមន៍លេខ៩ ទទួលបានថវិកាចំនួន៥លានរៀល៕