​(រតនគិរី)៖ លោក​ មួង​ ប៉យ​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ និងលោក​ ថង​ សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសាកសួរសុខទុក្ខ កងកម្លាំងយោធាដែលឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន​កម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង)​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​។

​អភិបាលខេត្តរតនគិរី បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល​ ជូនចំពោះកងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើង​ដើម្បីការពារបូរណភាពទឹកដី​ អធិបតេយ្យភាពជាតិ​ ប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត ហ៊ានលះបង់សាច់ស្រស់​ ឈាមស្រស់​ ដើម្បីបុព្វហេតុជាតិ​ មាតុភូមិ​​​។​

លោក ថង សាវុន ក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីសាមគ្គីភាព​ ជួយយកអស្សា​ចំពោះសុខទុក្ខគ្នា​ និងចេះចែករំលែក​គ្នាទៅវិញទៅមក ក្នុងនាមមិត្តរួមប្រដាប់អាវុធ​ រួមជាតិតែមួយ​។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ​បានផ្តល់ថវិកាចំនួន​ ៥,០០០,០០០​រៀល​ សម្រាប់អង្គភាព​ និង​១០០,០០០​​រៀល​ ក្នុងម្នាក់ រួមនឹងគ្រឿងឧបភោគបរិភោគជាច្រើនទៀត​ សម្រាប់ផ្គត់ផ្គង់ដល់អង្គភាព៕