(កំពង់ស្ពឺ)៖​ កម្លាំងអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ខ្លួនបុរស២នាក់ ខណៈកំពុងដឹកជញ្ជូនឈើម្រេញ ជាង៧ម៉ែត្រគូប ដោយខុសច្បាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ​២៧-២៨ ស្ថិតក្នុងភូមិសំរោង ឃុំ​ស្នំក្រពើ ស្រុកគងពិសី​។

​កម្លាំងអាវុធហត្ថដែលចូលរួមប្រតិបត្ដិការនេះ បានលើកឡើងថា កម្លាំងជំនាញបានប្រដេញ រហូតចាប់បានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ3A-1476 ដឹកឈើប្រភេទ​ម្រេញ​ចំនួន​១៤ដុំ​ ស្មើជាង៧​ម៉ែត្រគូប ហើយក្នុងនោះឃាត់បានបុរស២នាក់ ​អ្នកបើកបរ​ឈ្មោះ ផុន ដា អាយុ​៣៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំតាំងស្យា ស្រុកភ្នំស្រួច និង​អ្នករួមដំណើរ​ ឈ្មោះ ស៊ុ​ ចំរើន អាយុ៣៣​ឆ្នាំ​ នៅភូមិចាម ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។

ក្រោយប្រតិបត្តិការកម្លាំងអាវុធហត្ថបានបញ្ជូនវត្ថុតាង ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ដ៕​