(ភ្នំពេញ)​៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​បណ្តឹង​របស់​ក្រុម​មេធាវី​ ដែល​ប្តឹង​ប្រឆាំង​​នឹង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ចោទ​បទល្មើស​ «ក្បត់​ជាតិ​»។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សំ​ សុគង់​ មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News នៅ​ល្ងាច​ថ្ងៃ​នេះ​។

គួរ​បញ្ជាក់​ថា​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស​ «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពី​យប់រំលងអាធ្រាត្រចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលការចាប់ខ្លួននៅពេលនោះ ធ្វើឡើងបន្ទាប់ពីវីដេអូមួយដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាពកាលពីខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ី។

ហើយភ្លាមៗនៅពេលនោះ រាជរដ្ឋាភិបាល​កម្ពុជា​ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួននេះ ដែលពាក់ព័ន្ធអំពីឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តក្បត់ជាតិ។

រាជរដ្ឋាភិបាល សូមជម្រាបជូនថា តាមរយៈវិដេអូក្លីប ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ CBN (Cambodia Broadcasting Network) ដែលមានទីតាំងនៅអូស្រ្តាលី និងភស្តុតាងដទៃទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចប្រមូលបាន គឺបានបង្ហាញឲ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃ ការឃុបឃិតគ្នារវាងឈ្មោះ កឹម សុខា និងបក្សពួក ជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។ អំពីនៃការឃុបឃិតគ្នាជាសម្ងាត់ខាងលើនេះ គឺជាអំពើក្បត់ជាតិ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ នៃមាត្រា៤៤៣ (បទសន្ធិដ្ឋិភាពជាមួយបរទេស) ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម ជំពូកទី២ ស្តីពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ មាតិកាទី១ ស្តីពីការប៉ះពាល់ដល់ស្ថាប័នចម្បងរបស់រដ្ឋ គន្ថីទី៤ ស្តីពីបទល្មើសប្រឆាំងនឹងជាតិ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕