(ភ្នំពេញ)​៖ ក្រោយ​បញ្ចប់​សវនាការ​នៅ​ថ្ងៃទី​១៥​ ខែ​កញ្ញា​ ឆ្នាំ២០១៧នេះ​ លោក​ ប៉ាក​ ច័ន្ទ​សំបូរ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ផ្តន្ទា​ទោស​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​នយោបាយ​ ហើយ​មជ្ឈដ្ឋាន​មួយ​ចំនួន​ហៅ​ថា​ អ្នក​វិភាគ​មាត់​ដាច​ នោះ​​ ដាក់​ពន្ធនាគារ​១៨ខែ​ដដែល​ ។

លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង ​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News ថា​ «ក្រោយ​បញ្ចប់​សវនាការ​ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល»។

គួរ​រំលឹក​ថា​ លោក​ គី​ ឫទ្ធី​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​​រសៀល​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​គឹម​ សុខ​ ដាក់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ពិន័យ​៨លាន​រៀល​ចូល​ថវិកា​រដ្ឋ​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​៨០០លាន​រៀល​ ករណី​ចោទប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​សម្លាប់​បណ្ឌិត​ កែម​ ឡី​ ។​

លោក​ គឹម​ សុខ​ ជាប់​ចោទ​​ចំនួន​ពីរ​បទល្មើស​ គឺ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​ មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​សម្តេច​តេជោ​ ដូច​គ្នា​ គឺ​ពាក់ព័ន្ធ​ការ​ដែល​លោក​ គឹម​ សុខ​ បាន​ចោទប្រកាន់​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​៕