(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញខ្សែភាពកុមារអន្តរជាតិចំនួន៣រឿង គឺទី១៖ Same mother, different worbs ,ទី២៖ My second parents, ទី៣​៖ Liar ដែលជា​ស្នាដៃរបស់សិស្សវិទ្យាល័យរបស់កម្ពុជាដើម្បីយកទៅប្រកួតប្រជែង ខ្សែភាពយន្តនៅប្រទេសជប៉ុន ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នឹងឈានមកដល់ឆាបៗនេះ។

កម្មវិធីប្រឡងជ្រើសរើសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសកម្ពុជានៃមហោស្រព ភាពយន្តកុមារអន្តរជាតិអាស៊ីឆ្នាំ២០១៧ បានប្រព្រឹត្តិទៅ យ៉ាងជោគជ័យ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ប្រធានបទដែលត្រូវបកស្រាយ ក្នុងឆ្នាំនេះគឺ«គ្រូបង្រៀន» មានភាពយន្តចំនួន២៨រឿង ដែលផលិតដោយសិស្ស១២វិទ្យាល័យទូទាំងប្រទេសកម្ពុជា បានដាក់ពាក្យចូលរួមប្រកួត ហើយក្នុងចំណោមនោះមានភាពយន្តចំនួន១៥ ត្រូវបានសម្រិតសម្រាំងដើម្បីចាក់បញ្ចាំងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

មហោស្រពភាពយន្តនេះ បានចាប់ផ្តើមនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០៧មកម្លេះ ហើយចាប់តាំងពីពេលនោះមកគឺមហោស្រពនេះបានចាប់ផ្តើម ប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ចំណែកសិស្សានុសិស្សកម្ពុជាវិញត្រូវបានអញ្ជើញឲ្យចូលរួមក្នុងមហោស្រពនេះតាំងពីឆ្នាំ២០០៩។ ឆ្នាំនេះសិស្ស៣ក្រុម ដែលមានចំនួនសរុប៩រូប (ឈ្មោះមានភ្ជាប់នៅតារាងខាងក្រោម)នឹងត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS2017 ជាមួយបណ្តាសិស្សមកពីប្រទេសអាស៊ានទាំង១០ ព្រមជាមួយទីម័រខាងកើត ចិន ចិនតៃវ៉ាន់ ម៉ុងហ្គោលី កូរ៉េខាងត្បូង និងប្រទេស ជប៉ុន។ សិស្សជ័យលាភី៣ក្រុម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ នៃមហោស្រពនេះនៅទីក្រុងគីតាមិ កោះហុកកៃដូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

យើងសង្ឃឹមថាសិស្សកម្ពុជានឹងទទួលបានជោគជ័យនៅក្នុងកម្មវិធីមហោស្រពខាងមុខនេះព្រមទាំងសប្បាយរីករាយសម្រាប់ការកសាងមិត្តភាព ជាមួយអ្នកចូលរួមដទៃទៀត៕