(បន្ទាយមានជ័យ)៖​ ​ក្រោយបញ្ចប់ពិធីរាប់បាត្រនៅវត្តនិមិត្តសុធីរាម​ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ​បន្តចុះសួរសុខទុក្ខ និង​ផ្តល់ជំនួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្រ្តាក់រលំដើមឈើសង្កត់លើ​ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ​សិរីសោភ័ណ្ឌ២នាក់ និងមន្ទីរពេទ្យមង្គលបូរីម្នាក់​។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ បានសំណេះសំណាលផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះ​ និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ​ បានត្រឡប់ទៅគេហដ្ឋានវិញ​ ដើម្បីប្រកបរបររកទទួលទានដូចដើមវិញ។

ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បាននាំយកថវិកាឧបត្ថម្ភ​ និងអំណោយចែក ជូនបុគ្គលិកពេទ្យ​ គ្រូពេទ្យ​ និងប្រជាពលរដ្ឋ ដោយក្នុងនោះរួមមាន ទី១៖ជនរងគ្រោះ ក្នុងម្នាក់បានថវិកា៤០ម៉ឺនរៀល សារ៉ុង១, ទី២៖ជូនថវិកាលោកមេឃុំ​ចង្ហា ដែលនៅសម្រាកមន្ទីរពេទ្យ ចំនួន៤០ម៉ឺន និងសារ៉ុង២, ទី៣៖ផ្តល់អំណោយជូនដល់បុគ្គលិកពេទ្យ ក្រុងសិរីសោភ័ណ្ឌ ចំនួន៧០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល និងសារ៉ុង១, ទី៤៖ប្រជាពលរដ្ឋថែរអ្នកជំងឺ និងអ្នកឈឺសម្រាកពេទ្យ ក្រុងសិរីសោភ័ណ្ឌ៦៥នាក់ ក្នុងម្នាក់ទទួលបានថវិកា១ម៉ឺនរៀល និងសារ៉ុង១, ទី៥៖បុគ្គលិកមន្ទីរពេទ្យ (កម្ពុជា-ជប៉ុន) ស្រុកមង្គលបូរី ចំនួន១៥២នាក់ ក្នុងម្នាក់ទទួលថវិកា១ម៉ឺនរៀល និងសារ៉ុង១, ទី៦៖ប្រជាពលរដ្ឋសម្រាកមើលថែរអ្នកជំងឺ​នៅក្នុងពេទ្យ និងអ្នកជំងឺផងដែរ នៅក្នុងមន្ទីរពេទ្យ (កម្ពុជា-ជប៉ុន) ចំនួន២៦០នាក់ ទទួលបានថវិកាក្នុងម្នាក់១ម៉ឺនរៀល និងសារ៉ុង១ផងដែរ៕