(ភ្នំពេញ)៖ បន្ទាប់ពីម្ចាស់​កាសែត​ភាសា​អង់គ្លេស Cambodia Daily ចេញ​មុខ​ទម្លាយ​ការពិតតាមរយៈវិទ្យុអាស៊ីសេរី អំពីរឿងនៅពីក្រោយនៃការ​ចេញ​លិខិត​​សុំ​ទោសសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​អះអាង​ថា «អ្នកស្រី​រង​ការ​បង្ខិត​បង្ខំ​ឲ្យ​សរសេរ​សុំទោស​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្បត់​ឆន្ទៈ​ពិត​របស់​អ្នកស្រី​ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​គេ​ធ្វើ​បាប​ស្វាមី​អ្នកស្រី​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា», នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានចេញលិខិតផ្លូវការមួយដោយឆ្លើយតបទៅកាន់លោកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) និងប្រកាសទាមទារឲ្យលោកស្រី បង្ហាញអត្តសញ្ញាណជនដែលគំរាមឲ្យលោកស្រីចុះហត្ថលេខាដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា៖ «អគ្គនាយកដ្ឋានពន្ធដារគឺជាស្ថាប័នអនុវត្តច្បាប់ មិនមែនជាអង្គភាពដែលធ្វើការដោយគ្រាន់តែផ្អែកលើ លិខិតសុំទោសមួយសន្លឹក ហើយអនុញ្ញាតឲ្យអ្នកជាប់ពន្ធរូបនោះរួចផុតពីកាតព្វកិច្ចពន្ធដារនោះឡើយ។ ករណីដែលលោកស្រី Deborah Krisher-Steele សរសេរលិខិតសុំទោសសម្តេចតេជោ នាយករដ្ឋមន្រ្តី គឺជារឿងផ្ទាល់ខ្លួនរបស់លោកស្រី អគ្គនាយកដ្ឋានពន្ធដារ ពុំមានពាក់ព័ន្ធ ឬចាប់បង្ខំឲ្យុលោកស្រីចុះហត្ថលេខាលើ លិខិតសុំទោសណាមួយនោះទេ។​ អគ្គនាយកដ្ឋានពន្ធដារ មិនទទួលស្គាល់អ្នកសម្របសម្រួលរូបណាម្នាក់ដែលស្ថិតនៅក្រៅក្របខ័ណ្ឌអគ្គនាយកដ្ឋានពន្ធដារឡើយ ហើយស្នើឲ្យលោកស្រី គួរបង្ហាញអត្តសញ្ញាណជនដែលគំរាមឲ្យលោកស្រីចុះហត្ថលេខាដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់»

អគ្គនាយកដ្ឋានពន្ធដារ បានអះអាងនៅក្នុងលិខិតបំភ្លឺយ៉ាងដូច្នេះថា «ការកំណត់ពន្ធ និងការសម្រេចលើការកំណត់ពន្ធវិញ គឺឈរលើភស្តុតាងច្បាស់លាស់ គឺមិនមែនចេះតែមានលិខិតសុំទោសណាមួយសន្លឹករួចខ្លួន ហើយនិយាយថា ជារឿងនយោបាយនោះទេ»។

សូមជំរាបថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ម្ចាស់កាសែត The Cambodia Daily លោកស្រី Deborah Krisher Steel បានសរសេរលិខិតសុំទោសទៅកាន់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយសម្របសម្រួលឲ្យខ្លួនបានដំណើរការ កាសែតឡើងវិញ។

កាសែត Cambodia Daily បានជំពាក់ពន្ធរាជរដ្ឋាភិបាលកម្ពុជាលើដំណើការរបស់ខ្លួនប្រមាណជា ៦លានដុល្លារអាមេរិក។ កាសែតនេះបានប្រកាសបិទការចេញផ្សាយ របស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីពុំមានលទ្ធភាពបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការកំណត់ បន្ទាប់ពីបើកដំណើរការអស់រយៈពេល២៤ឆ្នាំនៅកម្ពុជា៕ (សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធ និង លិខិតម្ចាស់កាសែត Cambodia Daily ផ្ញើជូនសម្តេចតេជោ)