(ភ្នំពេញ)៖ តាមការអង្កេតបឋមថ្មីៗនេះ របស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា ស្តីពីការអនុលោមតាមបទដ្ឋានបរិស្ថានគ្មានផ្សែងបារី នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប បានបង្ហាញថា ភោជនីយដ្ឋានប្រមាណ៦៣% បានបិទសញ្ញាហាមជក់បារី នៅកន្លែងរបស់ខ្លន។

ប៉ុន្តែ មានតែគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្ម ៤៤% ប៉ុណ្ណោះ បានប្រាប់អ្នកកំពុងជក់បារី អោយទៅជក់ខាងក្រៅភោជនីយដ្ឋានរបស់ខ្លួន។ គួរកត់សំគាល់ថា អតិថិជនដែលកំពុងតែជក់បារី ប្រមាណ៨០% ធ្វើតាមការណែនាំរបស់ម្ចាស់ ឬអ្នកគ្រប់គ្រងភោជនីយដ្ឋាន ដោយពេញចិត្ត នេះជាសញ្ញាណវិជ្ជមានមួយ ក្នុងការលើកទឹកចិត្តឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយចំនួន ដែលនៅស្ទាក់ស្ទើរ មិនហ៊ានប្រាប់អ្នកជក់បារី ឲ្យទៅជក់ខាងក្រៅ ដូចដែលច្បាប់បានកំណត់។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងទៀតថា តាមការអង្កេតរបស់ក្រសួងផែនការឆ្នាំ២០១៤ បានបង្ហាញថា ការស្រូបផ្សែងបារីពីគេ នៅភោជនីយដ្ឋាន មានអត្រាខ្ពស់ជាងគេ បើធៀបទៅនឹងកន្លែងដទៃទៀតរហូតដល់ ៧០%។ អនុក្រឹត្យស្តីពីវិធានការចំពោះការជក់ និងបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បានហាមឃាត់មិនអោយមានការជក់បារី ខាងក្នុងអគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ រួមមានៅភោជនីយដ្ឋាន សណ្ឋាគារ/ផ្ទះសំណាក់ និងមធ្យោបាយ ធ្វើដំណើរសាធារណៈគ្រប់ប្រភេទ។ អនុវត្តនេះ ក៏បានផ្តល់តួនាទីបីយ៉ាង ដល់ម្ចាស់ឬអ្នកគ្រប់គ្រងកន្លែង ទី១- បិទសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់,ទី២- កុំដាក់តាំងបង្ហាញប្រដាប់គោះបារី នៅកន្លែងហាមជក់ និង៣-ប្រាប់អ្នកជក់បារី អោយទៅជក់ខាងក្រៅ។

បើម្ចាស់ ឬអ្នកមិនគ្រប់គ្រងភោជនីយដ្ឋានណា មិនគោរពតាមអនុក្រឹត្យនេះ នឹងត្រូវពិន័យ ប្រាំម៉ឺនរៀលក្នុងមួយករណី។ ដូច្នេះ ដើម្បីចៀសផុតពីការពិន័យ និងរួមចំណែកថែរក្សាសុខភាពភ្ញៀវ បុគ្គលិក ក៏ដូចជាខ្លួនឯង ម្ចាស់ឬអ្នកគ្រប់គ្រងត្រូវអនុវត្តតាម ឲ្យបានខ្ជាប់ខ្ជួនតួនាទីទាំងបី ដែលចង្អុលបង្ហាញដោយអនុក្រឹត្យ។ ម្ចាស់ឬអ្នកគ្រប់គ្រងភោជនីយដ្ឋាន មិនគួរព្រួយបារម្ភពីការបាត់បង់ភ្ញៀវ នៅពេលមិនអនុញ្ញាតឲ្យជក់បារីខាងក្នុងឡើយ ព្រោះតាមបទពិសោធន៍ទូទាំងពិភពលោកបង្ហាញថា ហាមឃាត់ការជក់បារីខាងក្នុងភោជនីយដ្ឋាន មិនធ្វើឲ្យបាត់បង់ភ្ញៀវទេ។ ភ្ញៀវទាំងអ្នកជក់ ទាំងអ្នកមិនជក់ ចូលភោជនីយដ្ឋាន ដើម្បីទទួលយករសជាតិអាហារ និងបរិយាកាសស្រស់ថ្លា មិនមែនទៅទីនោះដើម្បីស្រូបផ្សែងបារីទេ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាភាគច្រើន គាំទ្រអោយមានការហាមឃាត់ការជក់បារី នៅតាមភោជនីយដ្ឋាន រហូតដល់៨៤% បើយោងតាមការស្រាវជ្រាវ របស់ក្រសួងផែនការ ឆ្នាំ២០១៤។

គួរបញ្ជាក់ថា ទាំងអ្នកជក់បារី និងអ្នកស្រូបផ្សែងបារីពីគេ សុទ្ធតែប្រឈមមុខនឹងការកើតជំងឺយ៉ាងធ្ងប់ធ្ងរ ដូចជាជំងឺមហារីក ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ ជំងឺបេះដូង សរសៃឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងផលប៉ះពាល់ចំពោះទារកនិងកុមារ ។កន្លងមក មានសណ្ឋាគារ និងភោជនីយដ្ឋាន១ចំនួន បានអនុវត្តអនុក្រឹត្យនេះ បានយ៉ាងល្អប្រសើរ ដូចជាសណ្ឋាគារ សាន់វ៉េភ្នំពេញ សណ្ឋាគារ បុរីអង្គរ សណ្ឋាគារ ឡូទុសប្លង់ ភោជនីយដ្ឋានអង្គរម៉ុងឌីយ៉ាល់ ភោជនីយដ្ឋានបន្ទាយស្រី ភោជនីយដ្ឋានច័ន្ទរីទ្រី នៃខេត្តសៀមរាប ហើយទទួលបានការគាំទ្រ ពីអតិថិជន ដែលមិនជក់បារី និងអ្នកជក់បារីយ៉ាងច្រើន៕