(កំពង់ចាម)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បានបន្តចុះអង្កេត និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចំការអណ្តូង និងផ្ទះលក់ដូរជុំវិញផ្សារ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាលទ្ធផលរកឃើញ ទឹកក្រូចជាច្រើនម៉ាក មីម៉ាម៉ា និងត្រីខកំប៉ុង ដែលខូចគុណភាព។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុកដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារនិយាយរួម គឺតាមផ្សារនានា នៃខេត្តកំពង់ចាមតែម្តង ហើយជាលទ្ធផល យើងបានរកឃើញទំនិញមួយចំនួនខូចគុណភាព។ក្រុមការងារ បានធ្វើកំណត់ហេតុដកហូតយកទៅដុតកម្ទេចចោលផងដែរ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងការចុះអង្កេតនៅផ្សារចំការអណ្តូង នោះរកឃើញទឹកក្រូចម៉ាក Sweet ចំនួន៧៨ដប ទឹកក្រូច ម៉ាក Sprite ចំនួន៦៧ដប ទឹកក្រូច ម៉ាក Bigcolaចំនួន១៤ដប មីម៉ាម៉ា ចំនួន៥០កញ្ចប់ និងត្រីខកំប៉ុង២៨កំប៉ុង ខូចគុណភាពផងដែរ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់៕