(ភ្នំពេញ)៖ រូបភាពរថយន្តប្រាដូពាក់ស្លាកលេខរដ្ឋ ត្រូវបានម្ចាស់បើកយកទៅចត ស្ទើរតែនៅកណ្ដាលទ្រូងផ្លូវហើយ​ ចូលទៅក្នុងហាងគុយទាវបាត់បង្កឲ្យមានការរិះគន់ពីសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ឃើញ និងអ្នកមើលឃើញរូបភាពនេះ​​ ដែលត្រូវបានគេបង្ហោះនៅលើហ្វេសប៊ុក។ 

រថយន្តប្រាដូពាក់ស្លាកលេខរដ្ឋ25 2-0202 ខាងលើនេះ តាមរូបភាពគឺចតនៅតាមបណ្ដោយផ្លូវលេខ១០៨ ចំណុចមុខហាង សេវេនប្រាយឃីង ខាងកើតស្ពាននាគ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ គេមិនបានដឹងថា ម្ចាស់រថយន្តនេះមានឈ្មោះ និងតួនាទីអ្វីនោះទេ តែយោងតាមលេខកូដសម្គាល់ «រដ្ឋ25» គឺរថយន្តខាងលើជាកម្មសិទ្ធិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមការពិនិត្យទៅតាមរូបភាព គឺរថយន្តខាងលើនេះ ម្ចាស់បើកទៅចតពីរជួរនៅលើទ្រូងផ្លូវ។​​ លុះពេលរថយន្តដែលចតនៅខាងក្នុងបើកចេញបាត់ទៅ ទើបធ្វើឲ្យគេមើលទៅ ឃើញរថយន្តនេះចតនៅកណ្ដាលផ្លូវបែបនេះ តែទោះជាយ៉ាងណា ការចតពីរជួរនៅ លើទ្រូងផ្លូវបែបនេះ ក៏ខុសច្បាប់ចរាចរណ៍ផងដែរ ព្រោះវានាំឲ្យស្ទះចរាចរណ៍ ខណៈដងផ្លូវនៅក្នុងទីក្រុងភ្នំពេញបច្ចុប្បន្នកំពុងតូចចង្អៀត និងកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃផងនោះ។

អ្នកដែលបានដឹងថាលេខកូដសម្គាល់ «រដ្ឋ25» គឺជារថយន្តកម្មសិទ្ធិរបស់ក្រសួងសាធារណការ​ ដែលជាក្រសួងជំនាញលើផ្នែកផ្លូវថ្នល់ទៀតនោះ រិតតែធ្វើឲ្យគេរិះគន់កាន់តែខ្លាំងឡើង ហើយមតិភាគច្រើនបានសំណូមពរសូមឲ្យប្រធានស្ថាប័នក្រសួងជួយស្រាវជ្រាវរកម្ចាស់ និងធ្វើការណែនាំ ស្ដីបន្ទោស ឬព្រមានផងដែរ ដើម្បីលប់បំបាត់នូវរូបភាពអវិជ្ជមាននៅលើដងផ្លូវ៕