(ភ្នំពេញ)៖​ បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដែល​លេបថ្នាំញៀន៥៩គ្រាប់ចូលក្នុងពោះ មកពីប្រទេសប្រេស៊ីល ត្រូវ​កម្លាំងនគរបាល ចាប់ខ្លួនបាន នៅព្រលានយន្ដអន្ដរជាតិភ្នំពេញ ខណៈដែលជនសង្ស័យរូបនេះ ឆ្លងកាត់ Dubai តាមជើងយន្ដហោះលេខ EK388។

​ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយភ្នាក់ងារគយ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅអាកាសយាន្ដដ្ឋាន អន្ដរជាតិភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ក៧ បានឲ្យដឹងថា ជនសង្ស័យជនជាតិអាហ្វ្រិកខាងត្បួងនេះ ឈ្មោះ BLIGNAUT CHAN កាន់លិខិតឆ្លងដែនលេខA​06217281 បានដឹកជញ្ជូននូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់ ពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai តាមជើងយន្ដហោះ លេខEK388 ចុះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានសារធាតុញៀន ប្រភេទកូកាអ៊ីន ចំនួន៥៩ដុំ ស្មើទម្ងន់ ៧៥៩.៩៥ក្រាម លិខិតឆ្លងដែន១ក្បាល និងទូរស័ព្ទដៃ១គ្រឿង៕