(ភ្នំពេញ)៖ ដោយគាំទ្រចំពោះការអំពាវនាវ និងស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា, ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន៦ បានសន្យាថា ខ្លួនឹងមិនដំឡើងថ្លៃសេវា ដឹកអ្នកដំណើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះនោះឡើយ។ ក្រុមហ៊ុនចំនួន៦នោះរួមមាន៖ ក្រុមហ៊ុនពន្លឺអង្គរ ក្រុមហ៊ុនវីរៈប៊ុនថាំ ក្រុមហ៊ុន Giant Ibis Transport, ក្រុមហ៊ុនDing Xing, ក្រុមហ៊ុនឡារីតាExpress និង ក្រុមហ៊ុនមិហុង។ នេះបើតាមការប្រកាសរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ការប្រកាសមិនដំឡើងថ្លៃរបស់ ក្រុមដឹកអ្នកដំណើរទាំងនោះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៤ ខែកញ្ញា។ កិច្ចប្រជុំនោះមានការចូលរួមពី សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា (CAMTA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA) និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀតមកពីវិស័យឯកជន។

សម្រេចមិនដំឡើងថ្លៃនេះ បានធ្វើឡើងបន្ទាប់ពី លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំដំឡើងថ្លៃឈ្នួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានា ជាពិសេស នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលចរាចរមានការមមាញឹក។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ឱ្យតែមានពិធីបុណ្យប្រពៃណីធំៗម្តងៗ ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន តែងតែដំឡើងថ្លៃឈ្នួលរថយន្ត ខុសពីធម្មតា ដើម្បីកេងចំណេញពីអ្នកធ្វើដំណើរទៅលេងស្រុកកំណើត ទោះបីជា រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវកុំដំឡើងថ្លៃក៏ដោយ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានក្រុមហ៊ុនខ្លះ មិនដំឡើងថ្លៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរផងដែរ៕