(ភ្នំពេញ)៖លោកឧត្តមសេនីយ៏ទោរស់ សុខធឿន សមាជិកគណៈកម្មការរបស់ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារជំនាញចុះពិនិត្យការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ ប៉ុស្ដ៏អនាធិបតេយ្យនានានៅតាមបណ្ដោយព្រំដែនខេត្តមួយចំនួន បានចេញមុខបដិសេធថា បច្ចុប្បន្ន ឈ្មោះជាតិ លែងជាមន្ត្រីនៅក្នុងគណៈកម្មការនេះទៀតហើយ បន្ទាប់ពីលោកដឹងថាឈ្មោះនេះ មានពាក់ព័ន្ធការរកសុីរត់ការឈើនៅក្នុងខេត្តតាកែវរួចមក។

លោកឧត្តមសេនីយ៏រស់ សុខធឿន បានធ្វើការបដិសេធយ៉ាងដូច្នេះ ក្រោយពីមានប្រភពព័ត៌មានមួយចំនួនទម្លាយប្រាប់អង្គភាពព័ត៌មានFresh News ចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះថារថយន្តធុនធំមួយគ្រឿងដឹកឈើរាជកុល និងឈើធ្នុងខុសច្បាប់នាំចេញពីខេត្តពោធ៌សាត់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ក្នុងទិសដៅទៅខេត្តតាកែវដើម្បីចេញទៅវៀតណាម តែត្រូវសមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពង់ស្ពឺប្រដេញចាប់បាន តែក្រោយមកត្រូវបានដោះលែងទៅវិញក្រោយមានអ្នករត់ការចរចារួចមក ដែលអ្នករត់ការដោះលែងនោះត្រូវបានគេទម្លាយថាមានឈ្មោះជាតិ ជាមន្ត្រីស្ថិតនៅក្នុងគណៈកម្មការរបស់ក្រសួងមហាផ្ទៃប្រចាំនៅខេត្តតាកែវ។

ប៉ុន្តែក្រោយចេញផ្សាយ លោកផ្កាយ២រស់ សុខធឿន ដែលជាសមាជិកគណៈកម្មការ និងជា​​​អនុប្រធានក្រុមការងារបានចេញមុខអះអាង​ថាពីមុនឈ្មោះជាតិនេះ ជាមន្ត្រីរបស់គណៈកម្មការមែន តែក្រោយពីលោកដឹងថាឈ្មោះនេះ មានពាក់ព័ន្ធការរត់ការឈើនៅក្នុងខេត្តតាកែវរួចមក លោកក៏លែងដាក់ឈ្មោះនេះ ស្ថិតនៅក្នុងក្រុមការងារទៀតហើយ ដូចមានលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ
ចេញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ជាភស្តុតាងស្រាប់ គឺមិនមានឈ្មោះជាតិនេះ ទៀតទេ។

សូមចូលអានអត្ថបទពាក់ព័ន្ធការចាប់រថយន្តដឹកឈើខុសច្បាប់បានហើយ មានអ្នករត់ការដោះលែងវិញកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ៖

http://www.freshnewsasia.com/index.php/en/localnews/65060-2017-09-09-06-07-27a.html