(សៀមរាប)៖ ថ្នាក់ដឹកនាំខេត្តសៀមរាប មានលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ​​ជួប​​សំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ នៃរដ្ឋបាលសាលាខេត្ត ​ដោយមានការចូលរួមពីសំណាក់លោក ​លោកស្រី ជាគណៈអភិបាលខេត្ត​​ផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងលក្ខណៈមហាគ្រួសារតែមួយ នៃក្រុមគ្រួសារមន្ត្រីរាជការ រដ្ឋបាលសាលាខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារ ដ៏នឿយហត់​របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលសាលាខេត្ត អស់រយៈពេល០៩ខែមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង​។

​អភិបាលខេត្តបញ្ជាក់ថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមគោលនយោ​បាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូល ទទួលបាននូវសន្តិភាពពេញលេញ និង​ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ​។

​លោក ឃឹម ប៊ុនសុង ​បានធ្វើការណែនាំ និង​ផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង​មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យបានទាន់ពេលវេលា និង​ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទ នៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជា​មួយបណ្តាមន្ទីរ អង្គភាព ​ភ្ញៀវជាតិ អន្តរជាតិ និង​សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់ក្នុងឱកាស​បុណ្យភ្ជំបិណ្ឌនេះ នឹងជួយធ្វើការផ្សព្វផ្សាយដល់បងប្អូនក្រុមគ្រួសារ ញាតិមិត្តក្នុងភូមិ ដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៧ និង​ពិនិត្យបញ្ជីឈ្មោះបោះ​ឆ្នោត នៅតាមសាលាឃុំសង្កាត់ ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា ក្នុងបានបោះឆ្នោតជ្រើសរើសតំណាង​រាស្ត្រ អាណត្តិទី៦ នៅឆ្នាំ២០១៨​។

បើតាមលោក ឃឹម ប៊ុនសុង ​ក្រុងបុរាណប្រវត្តិសាស្ត្រនេះ បានកំពុងកែប្រែនូវមុខមាត់ថ្មី នូវសោភណ្ឌភាពស្រស់ត្រកាល ព្រមទាំងបានធ្វើការពង្រីកផ្លូវ និង​មានស្ពានថ្មថ្មី ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រ ​ក្នុងការសម្រួលនូវចរាចរណ៍ក្នុងខេត្ត ក៏ដូចជាការលើកនូវសោភណ្ឌភាព ក្រុងបុរាណដ៏ចំណាស់នេះផងដែរ​។

​លោកបន្ថែមថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ នៅក្នុងរដូវភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបជុំសំណេះសំណាល ជាមួយ​​មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ព្រមទាំងឧបត្ថម្ភនូវថវិកា​ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ​ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ បានធ្វើនូវចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធ លោកអ្នកមានគុណ និងញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ​ តាមរយៈព្រះសង្ឃជាស្រែបុណ្យ​។

ក្នុងនោះដែរ លោកអភិបាលខេត្ត បាន​ឧបត្ថម្ភថវិកា​ជូនមន្ត្រីរាជការ សាលាខេត្ត ចំនួន​២៥៣នាក់ ម្នាក់ៗ២០ម៉ឺនរៀល រួមទាំងបានចែកនូវប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ពង្រឹងយន្តការរដ្ឋបាលដល់មន្ត្រី នាឱកាសនោះផងដែរ៕