(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបន្តទាមទារឱ្យឯកអគ្គរដ្ឋទូតអាមេរិក ចេញមុខបកស្រាយឱ្យបានច្បាស់ ចំពោះការសារភាពរបស់ លោក កឹម សុខា តាមវីដេអូបែកធ្លាយ កន្លងមកដែលថា សហរដ្ឋអាមេរិក បានឃុបឃិតជាមួយខ្លួន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដូចប្រទេសយូហ្គោស្លាវី និងស៊ែមប៊ី។ សម្តេចបានចោទជាសំណួរថា តើចំពោះរឿងនេះលោក កឹម សុខា ជាអ្នកចោទប្រកាន់អាមេរិកតែម្នាក់ឯង ឬក៏អាមេរិកពិតជាមានការពាក់ព័ន្ធនឹងករណីនេះប្រាកដមែន? (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ រាជធានីភ្នំពេញ បន្ទាប់ពីអគ្គរដ្ឋទូតអាមេរិក លោក វិល្លាម ហេថ៍ បានធ្វើសន្និសីទអះអាងថា រដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់ដល់សហរដ្ឋអាមេរិក ដោយមិនមានភស្តុតាង។

ថ្លែងទៅកាន់កម្មករប្រមាណជាង១ម៉ឺននាក់ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឯកឧត្តមបានប្រកាសថា ការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក គឺជាការចោទប្រកាន់គ្មា​នភស្តុតាង និងមូលដ្ឋានត្រឹមត្រូវ ខ្ញុំចង់សួរឯកឧត្តមឱ្យឆ្លើយបំភ្លឺ តើសម្តី កឹម សុខា ត្រឹមត្រូវ ឬអត់ ព្រោះយើងមិនបានចោទប្រកាន់សហរដ្ឋអាមេរិកទេ ប៉ុន្តែ កឹម សុខា ទេ ដែលចោទប្រកាន់អាមេរិកថា បានណែនាំនូវវិធីផ្តួលរំលំ ផ្លាស់ប្តូរតាមរបៀបយូហ្គោលស្លាវី និងស៊ែមប៊ី ហើយបញ្ជូនសាស្រ្តាចារ្យរដ្ឋអាមេរិកមកអនុវត្តនៅកម្ពុជា»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា បើសិនជាអ្វីៗដូចដែល លោក កឹម សុខា បាននិយាយនៅប្រទេសអូស្រ្តាលី ដែលបង្ហាញនៅក្នុងវីដេអូបែកធ្លាយនាថ្មីៗនេះ មែននោះ មិនត្រឹមតែអគ្គរដ្ឋទូតអាមេរិកនោះទេ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក៥ជំនាន់ ពោលគឺតាំងពីជំនាន់ប្រធានាធិបតី ប៊ូស គ្លីនតុន ដាបាយូប៊ូស បារ៉ាក់ អូបាម៉ា និងដូណាល់ត្រាំ ក៏ត្រូវតែចេញមកបកស្រាយថា តើបានណែនាំលោក កឹម សុខា ឱ្យធ្វើអំពើបែបនេះមែនឬយ៉ាងណា?

សម្តេចតេជោ បានបញ្ជាក់ទៀតថា បទល្មើសរបស់ លោក កឹម សុខា គឺពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ដែលនាំឱ្យមានគ្រោះមហន្តរាយ ដល់កម្ពុជាម្តងទៀតដូចឆ្នាំ១៩៧០ ព្រោះក្នុងពេលចូលកាន់តំណែងនៅរដ្ឋសភា លោក កឹម សុខា បានចូលស្បថ នៅមុខព្រះមហាស្វេទឆត្រ នៅមុខព្រះភ័ក្រព្រះមហាក្សត្រ និងសម្តេចសង្ឃទាំង២គណៈថា មិនឱ្យបរទេសមកបង្គាប់បញ្ជានយោបាយក្នុង និងក្រៅប្រទេសរបស់ខ្លួនទេ។ តែបុគ្គលម្នាក់នេះបានទទួល និងស្តាប់បញ្ជាពីអាមេរិកទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៧០ ដោយសារតែមានការណែនាំពីអាមេរិក លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហ​នុ ហើយពេលនោះហើយ ដែលអាមេរិកបានប្រែក្លាយកម្ពុជាទៅជាទីលានប្រយុទ្ធ ដែលគ្រាប់បែកប្រមាណ២,៧លានតោន ទម្លាក់លើក្បាលប្រជាជនកម្ពុជា រហូតដល់ពេលនេះ រកគ្រាប់មិនទាន់ឃើញអស់នៅឡើយ។

ជាមួយនឹងភាពឈឺចាប់ នៅពេលរំលឹកដល់គ្រោះមហន្តរាយដោយសារអាមេរិកមនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិឱ្យប្រកាន់ជំហរជាតិនិយម ប្រឆាំងនឹងបរទេសឈ្លានពាន។ សម្តេចបានអំពាវនាវយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស។ អតីតកាលដ៏ឈឺចាប់ ដោយសារការឈ្លានពានរបស់ពួកចក្រព័ត្រអាមេរិក យើងមិនទាន់ភ្លេចទេ គ្រាប់បែក គ្រាប់មិនទាន់ផ្ទុះមានច្រើនណាស់លើទឹកដីកម្ពុជាយើង រឿងរ៉ាវបានចាប់ផ្តើមសារជាថ្មីហើយ»។

ក្នុងសំណុំរឿងដ៏ក្តៅគគុកនេះ តាមតម្រុយដែលបកអាក្រាតដោយលោក កឹម សុខា, សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ទាំងអស់ ឱ្យធ្វើការស៊ើបអង្កេតស្រាវជ្រាវ ចំពោះជនជាតិអាមេរិកនានា ដែលបានមកដល់កម្ពុជា នៅមុននិងក្រោយឆ្នាំ២០១៣ ដោយសង្ស័យថា ពេលនោះចារកម្មរបស់អាមេរិក ក៏អាចនឹងមកបង្កប់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដល់ លោក កឹម សុខា ដោយសារតែពេលនេះ ក៏មានជនបាតដៃទីបីកើតឡើងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ ក៏ដូចជាក្រសួងការបរទេស ស្រាវជ្រាវវត្តមាន នៃជនជាតិអាមេរិកទាំងឡាយ ដែលសង្ស័យថា បានធ្វើចារកម្មនៅ ក្រោយបញ្ហាឆ្នាំ២០១៣ ហើយមុនហ្នឹងទៀតផង តើនរណាខ្លះបានចូលមកកម្ពុជា។ ពីមុនមកយើងបានដឹងចារកម្ម២នាក់ បានមកបញ្ជា ហើយសូម្បីតែផ្លូវ​វេងស្រេងក៏មានបាតដៃជន២នាក់នេះ»