(ព្រះសីហនុ)៖ បញ្ហាសំរាមនៅទីរួមខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ផងនោះ អាចប្រឈមមុខនឹងបញ្ហាបន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាម ស៊ីន ទ្រី ប្រកាសផ្អាកទៅប្រមូល និងដឹកជញ្ជូនសំរាម ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះទៅ។

បើតាមតំណាងក្រុមហ៊ុ​នប្រមូលសំរាម ស៊ីន ទ្រី នៅក្រុងព្រះសីហនុ បានបញ្ជាក់ថា ការផ្អាកសកម្មភាពប្រមូលសំរាម ចាប់តាំងពីព្រឹកមិញនេះ ដោយសារតែក្រុមហ៊ុន មិនទាន់បានទទួលការឆ្លើយតប ពីរដ្ឋបាលព្រះសីហនុ ស្ដីពីលទ្ធផលនៃការដេញលទ្ធកម្ម សេវាកម្មប្រមូល សំអាត និងដឹកជញ្ជូនសំរាម ដែលបានបញ្ចប់ការបំពេញនីតិវិធី ដាក់ដេញថ្លៃកាលពីម្សិលមិញ និងម៉្យាងទៀតនៅព្រឹកមិញនេះ ស្រាប់តែមានរថយន្តផ្សេង ចេញមកប្រមូលសំរាមជំនួសក្រុមហ៊ុន ស៊ីន ទ្រី ទៅវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន ស៊ីន ទ្រី បានប្រកាសផ្អាកការប្រមូលសំរាម នៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមូលហេតុ ផ្លូវទៅកាន់ទីលានចាក់សំរាម មានចំងាយច្រើន រអិល និងចំណោតខ្លាំងបង្កផលវិបាកក្នុងប្រតិបត្តិការដឹកជញ្ជូនសំរាម រហូតមានការប្រឡាបរថយន្តដឹកសំរាម ជាញឹកញាប់ ដែលការប្រមូលចំណូល និងការចំណាញមិនសមាមាត្រនិងទំហំវិនិយោគ។

ប៉ុន្ដែក្រោយការប្រកាសផ្អាករបស់ក្រុមហ៊ុន ស៊ីន ទ្រី ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សូមឲ្យក្រុមហ៊ុន បន្ដការងារនេះមួយខែទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ និងម្យ៉ាងទៀតរង់ចាំការដេញលទ្ធកម្មជាមុនសិន។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក អ៊ិត ចាន់ដា តំណាងក្រុមហ៊ុនស៊ីនទ្រី បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ ខែកញ្ញា គឺក្រុមហ៊ុនបានបំពេញកាតព្វកិច្ច ដាក់លិខិតសំណើសុំសិទ្ធិផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំរាប់ក្រុងព្រះសីហនុ ស្របតាម៖ ទី១-អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រាទី៣២ (ការផ្តល់សិទ្ធិធ្វើសេវាសម្អាត ឬ/និងប្រមូល ឬ/និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជនត្រូវមានរយៈពេលមិនលើសពី១០ឆ្នាំ ក្នុងកិច្ចសន្យាមួយលោក និងត្រូវអនុវត្តទៅតាម និតិវិធីលទ្ធកម្មជាធរមាន ទី២-កំណត់ហេតុថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ស្តីពីករណីក្រុមហ៊ុនស៊ីនទ្រី ស្នើសុំផ្អាកការផ្តល់សេវាកម្មប្រមូល សម្អាត និងដឹកជញ្ជូនសំណល់រឹង ដូចមានការឯកភាពពីអភិបាលរងខេត្ត ស្តីពីការទុករយៈពេល១ខែ ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីឱ្យក្រុមហ៊ុនស៊ីនទ្រី បំពេញសំណុំដាក់ពាក្យសុំវិនិយោគ និងទី៣-ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ គឺក្រុមហ៊ុនស៊ីនទ្រី កំពុងតែរង់ចាំការអនុវត្តតាមនិតិវិធីលទ្ធកម្មស្របតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក និងស្របតាមការណែនាំរបស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ (ដូចមានចែងក្នុងកំណត់ហេតុថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧)។

បើតាមតំណាងក្រុមហ៊ុនរូបនេះ សំរាមនៅក្រុងព្រះសីហនុ មួយថ្ងៃៗមានចំនួនប្រមាណ២០០តោន ដែលត្រូវប្រមូល ហើយក្រុមហ៊ុនថា លទ្ធផលនៃការដេញលទ្ធកម្ម មិនទាន់បង្ហាញផង ស្រាប់តែមានរថយន្តផ្សេងមកដឹកសំរាមទៅវិញ។

ជាមួយគ្នានេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីអភិបាលក្រុងព្រះសីហនុ បាននោះទេនៅរសៀលថ្ងៃនេះ៕