(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានរៀបចំពិធីអបអរសាទរ នៃការបើកបណ្តុះបណ្តាល​ ជំនាញថ្មី «ទំនាក់ទំនងអន្តរជាតិ​-​International Relations» នាព្រឹកថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០១៧នេះ នៅក្រោមអធិបតីភាព​លោកស្រី ទេព កូលាប សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU), លោក អ៊ិន សុផល អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍​ នៃក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ,​ លោក ម៉ក់ ងយ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ឧត្តមសិក្សា និងលោក ណាត់តាវុធ ផូទីសារ៉ូ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំនៅ​កម្ពុជា​ ព្រមទាំងសាស្ត្រាចារ្យ និងសិស្ស-និស្សិតជាច្រើននាក់។

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកមិញនេះ​ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) បានគូសបញ្ជាក់ ពីសារៈប្រយោជន៍​នៃការសិក្សាជំនាញ «ទំនាក់ទំនងអន្តរជាតិ-International Relations» ដែលត្រូវរៀបចំឡើង ស្របតាមគុណវុឌ្ឍជាតិ ដើម្បីផ្តល់នូវចំណេះដឹង ប្រកបដោយគុណភាព និង​គុណធម៌សម្រាប់បំពេញបន្ថែម នូវធនធានមនុស្សដែលកំពុងខ្វះខាត ទាំងស្ថាប័នសាធារណៈ ក៏ដូចជាស្ថាប័ន ឯកជន អង្គការជាតិ និង​អន្តរជាតិ​។ ជាងនេះទៅទៀត «ទំនាក់ទំនងអន្តរជាតិ-International Relations» និងផ្តោតសំខាន់ទៅលើ ទំនាក់ទំនងរវាងរដ្ឋ និង​រដ្ឋ, ទំនាក់ទំនងរដ្ឋ និង​អង្គការអន្តរជាតិ, ទំនាក់ទំនងរវាងអង្គការអន្តរជាតិ និង​អង្គការអន្តរជាតិ​។

លោកស្រីបន្ទទៀតថា ក្រោយបញ្ចប់ការសិក្សាលើជំនាញនេះ ចប់ជាស្ថាពរ អ្នកសិក្សា និងទទួលបាននូវការយល់ដឹងយ៉ាងទូលំទូលាយ ពីប្រវត្តិសាស្រ្តពិភពលោក សហស្សសម័យ និង ការអភិវឌ្ឍសង្គម, ការយល់ដឹងពីភូមិសាស្រ្តន​យោបាយ សេដ្ឋកិច្ចនយោបាយ និងច្បាប់អន្តរជាតិ, ចំណេះដឹងកិច្ចការទូត ​និងការវិភាគកិច្ចការបរទេស និង ជំនាញនៃឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទង ទាំងកិច្ចការធុរកិច្ច និង​នយោបាយជាដើម​។

​លោកស្រី ទេព កូលាប ​បានលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យចូលសិក្សានៅមុខជំនាញនេះ ព្រោះថា International Relations ឬ ហៅកាត់ថា IR និងផ្តល់ឱកាសដល់អ្នកសិក្សា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញកិច្ចការក្នុងស្ថាប័នសាធារណៈ និង​ឯកជូន ដូចជា​ កិច្ចការប្រាស្រ័យទាក់ទងសាធារណៈ, អ្នកការទូត,​ កុងស៊ុល, សេនានុព័ន្ធ (កិច្ចសហប្រត្តិបត្តិការផ្នែកយោធា), អ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច, អ្នកជំនាញខាងគោលនយោបាយ, អ្នកជំនាញសារជីវកម្មអន្តរជាតិ, អ្នកជំនាញខាងផ្នែក​សិទ្ធមនុស្ស, អ្នកធ្វើកិច្ចការក្នុងសង្គមស៊ីវិល, អ្នកស្រាវជ្រាវ និង គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា។

ដោយឡែក​លោក អ៊ិន សុផល អនុប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍​ នៃក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកជាអ្នកមានបទពិសោធន៍ លើជំនាញការទូត រយៈពេល២៤ឆ្នាំ​ មកហើយនោះ ក៏បានថ្លែងបញ្ជាក់ឲ្យដឹងថា សិក្សាជំនាញទំនាក់ទំនងអន្តរជាតិ គឺរៀនធ្វើជាមេដឹកនាំជាតិ ឬជាអ្នកនយោបាយដ៏ឆ្នើម ព្រោះមុខវិជ្ជាទំនាក់ទំនង​អន្តរជាតិ បានគ្របដណ្ដប់ លើកិច្ចការនយោបាយជាតិ នយោបាយអន្តរជាតិ និងបានគ្របដណ្ដប់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ជាតិ​ទាំងមូល។ ហេតុនេះហើយ​ បានជា នៅក្នុងទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា «រៀនទំនាក់ទំនងអន្តរជាតិ គឺរៀនចេះដឹងនូវអ្វីៗគ្រប់យ៉ាង»។

លោកបានបន្តទៀតថា ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ គឺរៀនឲ្យក្លាយជាអ្នកដឹកនាំដ៏ឆ្នើម សម្រាប់កំណត់ជោគវាសនាប្រទេសជាតិ និងប្រជា​ជនទាំងមូល ព្រោះសង្គ្រាម​ ឬសន្តិភាព វាស្ថិតនៅលើចុងប៊ិច របស់អ្នកដឹកនាំ។ បច្ចុប្បន្ននៅកម្ពុជា កំពុងតែខ្វះខាតធនធានមនុស្ស ដែលមានចំណេះដឹង ផ្នែកទំនាក់ទំនងអន្តរជាតិនេះ យ៉ាងច្រើន ព្រោះកម្ពុជាបាន​ធ្វើសមាហរណកម្ម ចូលទៅក្នុងសមាគមន៍អន្តរជាតិ ដូចជាកម្ពុជា​គឺជាសមាជិក របស់អង្គការសហប្រជាជាតិ កម្ពុជាជាសមាជិកសមាគមអាស៊ាន និងជាសមាជិក អង្គការសុខភាព​ពិភពលោក (WTO) ជាដើម ហើយក្រៅពីនេះ កម្ពុជា​ក៏មាន​ទំនាក់ទំនងការទូត​ទ្វេភាគី ជាមួយប្រទេសជាង១៧០​ទៀត នៅលើពិភពលោក ផងដែរ៕