(ភ្នំពេញ)៖ លោក ហង្ស​ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១៤ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះជាង៩ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះ ចេញមានចំនួន៣៣២នាក់។

លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ក្នុងសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានស្ដីពី ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

លោកបានឲ្យដឹងថា រយៈពេល១៤ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១៤ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៩៤,២១១នាក់ (ស្រីចំនួន ៤៦,៦៣៥នាក់) បានទៅចុះឈ្មោះបោះឆ្នោត។

តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕