(ភ្នំពេញ)​៖ សំណុំរឿង​បោក​គ្រាប់បែក​ដើម្បី​សម្លាប់​ប្រុស​ស្នេហ៍​ក្បត់ចិត្ត ​តែ​បែរ​ជា​ត្រូវ​អ្នក​ដំណើរ​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​៤នាក់ ​នៅ​ខណ្ឌ​ចំការមន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​លើក​យក​សំណុំរឿង​នេះ​មក​ប្រកាស​សាលក្រម​។ លោក​ លី​ សុខលេង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ផ្តន្ទាទោសឈ្មោះ​ សុខ គឹមលី ភេទស្រី  អាយុ​៤១ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត ពី​បទ​ផ្តើម​គំនិត​ក្នុង​​អំពើ​ឃាតកម្ម​គិត​ទុក​មុន។

ផ្តន្ទាទោសឈ្មោះ​ ប៊ុន ភក្តី ភេទប្រុស អាយុ​៣២ ឆ្នាំ និង​ឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារ អស់មួយជីវិត ពី​បទឃាតកម្ម គិត​ទុក​មុន​។ ផ្តន្ទាទោសឈ្មោះ ប៊ូ សុភាព ភេទស្រី  អាយុ​២៥ឆ្នាំ និងឈ្មោះ នូ សំបាន ភេទប្រុស អាយុ​៣៣ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៣០ឆ្នាំ ពី​បទ​សម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​មុន​។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណី​បំផ្ទុះគ្រាប់បែក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមនបណ្តាល​ឱ្យ​ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងខូចខាតរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះផងដែរ។

ក្រោយហេតុការណ៍នេះ​ សមត្ថកិច្ចបានបើកការស្រាវជ្រាវឈានទៅ ឃាត់ខ្លួនមនុស្សទាំង៥នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ឈ្មោះ​ សុខ គឹមលី បានសារភាពថា​ ខ្លួន​បាន​ទូរស័ព្ទ​ហៅ ឈ្មោះប៊ុនភក្តីដែល​ជា​អនុប្រធាន​សន្តិសុខ​បុរី​ចំការមន​ ​ឱ្យ​​មក​ជួប​នៅ​ផ្ទះ​ដើម្បី​ពិភាក្សា​គ្នា ​ឱ្យ​​ជួយ​រក​ឃាតករ​សម្លាប់​ឈ្មោះ អៀ លីហួរ​ ដែល​ត្រូវ​ជា​ប្តី​លួចលាក់​ដោយ សារ​តែ​ប្ដី​រូប​នេះ​លួច​មាន​ស្រី​ខាង​ក្រៅ​បញ្ឈឺ​ចិត្ត​ហើយ​បាន​បោក​លុយ​ជាច្រើន​ទៀត​។

ក្រោយ​មក ប៊ុន​ ភក្តី​ បាន​ឱ្យ​ប្រពន្ធ​ឈ្មោះ ប៊ូ សុភាព ទៅទាក់ទងជាមួយ​ ឈ្មោះ នូ​ សំបាន ​ឱ្យ​​រក​ឃាតករ ហើយ​ឈ្មោះ នូ​ សំបាន​ បាន​ណែនាំ​ឱ្យ​ទៅ​ស្គាល់​អ្នក​ស៊ី​ឈ្នួល​ឈ្មោះ សាក់ ម៉ាប់ ហៅ​។

ក្រោយ​មក ប៊ុន ភក្តី បាន​ទៅ​ជួប សាក់ ម៉ាប់ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ហើយ​ជួល​ឈ្មោះ សាក់​ ម៉ាប់ ក្នុងតម្លៃ​៧ពាន់​ដុល្លារ​។ រួចឈ្មោះ សាក់ ម៉ាប់ ប្រាប់​ថា​ត្រូវការ​គ្នា​បន្ថែម​ទៀត  ដោយបានទាក់ទង​ឈ្មោះ​​ មឿន។

ក្រោយ​មក​ ប៊ុន​ ភក្តី​ ​បាន​ប្រាប់​ទៅ​ស្ត្រី​ដែល​ជា​អ្នក​ផ្ដើម​គំនិត​ឃាតកម្ម​នេះ​ថា​គេ​រក​ឃាតករ​បាន​ហើយៗឃាតករ​ក៏​បាន​ទារ​ប្រាក់​៥ពាន់​ដុល្លារ​ដើម្បី​ទិញ​ម៉ូតូ និង​កាំភ្លើង តែ​ឈ្មោះ សុខ គឹមលី ឲ្យ​តែ​៣​ពាន់​ដុល្លារ​សម្រាប់​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ​ ៕