(ភ្នំពេញ)៖ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តី​ពីការផ្គត់ផ្គង់ទឹកស្អាត ទីប្រជុំជន ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧​។

ថ្លែងបើកកិច្ចប្រជុំ លោកទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមមេធាវីអ្នករៀបចំច្បាប់ នៃអង្គការ JICA ជប៉ុន និងកម្ពុជា រួមនិងមន្ត្រីជំនាញ ដទៃទៀត ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈម៉ត់ចត់ ដោយយោងឯកសារជាច្រើន ជាមូលដ្ឋាន ទាំងឯកសារជាតិ និងឯកសារអន្តរជាតិ​ជាដើម។
លោក ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់នេះ កើតឡើងដោយការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តាមរយៈការស្នើសុំរបស់លោក ក្នុងឱកាសជំនួបជាមួយ ឯកអគ្គរាជទូតជប៉ុន នៅឆ្នាំ២០១៤ កន្លងទៅ ដោយលោកទេសរដ្ឋមន្ត្រី គិតថា ដំណើរការផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា អនុវត្តបាន ដោយយោងតាមប្រកាសប៉ុណ្ណោះ គឺមិន​ទាន់មានច្បាប់ ដែលជាមូលដ្ឋានគតិយុត្តរឹងមាំ នៅឡើយ។

លោកបានបន្តថា​ លក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់នេះ មាន ០៣ ចំណុច គឺ​
ទី១-យកភាសារខ្មែរជាគោល រួចទើបបកជាភាសារអង់គ្លេស និងជប៉ុន
ទី២-មានចរិតផ្សារភ្ជាប់រវាងបទពិសោធន៍ នៃមេធាវី ជប៉ុន និងមេធាវីកម្ពុជា ​
ទី៣-មានការផ្សព្វផ្សាយ ស្ទាបស្ទង់ និងមានកិច្ចប្រជុំ ពីសមាសភាពពាក់ព័ន្ធ និងដៃគូ ជាច្រើនដង គឺប្រមាណ ០៨ ដង រួចមកហើយ។

តាមបទបង្ហាញរបស់ក្រុមមេធាវី តំណាងអ្នករៀបចំច្បាប់កម្ពុជា ដែលបានលើកឡើង​ពីដំណើរការរៀបចំ និងតាក់តែងសេចក្តីព្រាង​ច្បាប់ ក៏ដូចជាសេចក្តីសង្ខេបខ្លឹមសារសំខាន់ៗ នៃសេចក្តីព្រាងច្បាប់ដែលមាន១១៣ មាត្រា និង​១៣ ជំពូក បានបញ្ជាក់ពីគោលបំណង នៃសេចក្តីព្រៀងច្បាប់នេះថា ​«ច្បាប់នេះមានគោលបំណងអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត​ទីប្រជុំជន ដែលមានសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និរន្តរភាព និងមានថ្លៃសមស្រប ដើម្បីចូលរួមលើកកំពស់ សុខភាពសាធារណៈ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះ បានរំលេចនូវសំណួរពិភាក្សា មួយចំនួន ដែលដកស្រង់ពីមាត្រា​ នីមួយៗនៃច្បាប់ រួមមាន​ តើនិយមន័យរបស់ «អ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច» ត្រូវកំណត់ត្រឹម ៥០០តំណ ឬយ៉ាងណា? តើគួរបង្កើតមូលនិធិអភិវឌ្ឍវិស័យផ្គត់ផ្គង់ ទឹកស្អាតទីប្រជុំជនដែរឬទេ? តើអាជ្ញាប័ណ្ណត្រូវកំណត់រយៈពេល ២០ ឆ្នាំ ឬផ្សេងពីនេះ? តើការពង្រីកសកម្មភាពអាជីវកម្ម របស់អ្នកទទួលបានអាជ្ញាប័ណ្ណ ក្រៅពីអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត តម្រូវឲ្យមានការទទួលបាន​ការអនុញ្ញាត ឬតម្រូវឲ្យមានការជូនដំណឹង ឬពុំតម្រូវអ្វីទាំងអស់? តើពាក្យស្នើសុំអាជ្ញាប័ណ្ណផ្ទាល់ ត្រូវទទួលបានការយល់ព្រម​ពីក្រុមប្រឹក្សា ឃុំ សង្កាត់ ដែរឬទេ? តើចាំបាច់ស្នើសុំយល់ព្រមពីស្រុក ខណ្ឌ ទៀតដែរទេ?

តើក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបង្កើតគណៈកម្មាធិការមួយ ដើម្បីត្រួតពិនិត្យវាយតម្លៃអនុម័ត និងឯកភាពលើពាក្យស្នើសុំដែឬទេ? តើការអនុញ្ញាតលើការបន្ត ត្រូវមានសុពលភាព ២០ឆ្នាំដែរឬទេ? តើត្រូវកំណត់ថា អ្នកទទួលបានអាជ្ញា បណ្ណពីក្រសួងពាក់ព័ន្ធឬទេ? តើគួរតម្រូវឲ្យបង្កើតសមាគមអ្នកផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាត និងកំណត់លើកត្តាអ្វីខ្លះ? តើរាល់អ្នកផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាតទាំងអស់ ដែលកំពុងប្រតិបត្តិការគ្មាន​អាជ្ញាប័ណ្ណ នៅពេលច្បាប់នេះចាប់ផ្តើមអនុវត្ត ត្រូវដាក់ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ អនុលោមតាមច្បាប់នេះ ក្នុងរយៈពេល​០៣ ខែ ឬ​០៦ ខែ គិតចាប់ពីច្បាប់នេះ ​ចូលជាធរមាន?​