(ភ្នំពេញ)​៖ ​លោក​ សេង​ រិទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅល្ងាច​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ប៉ង​បាញ់​សម្លាប់​ម្តាយ​ក្មេក ​និង​ប្រពន្ធ​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ព្រោះ​តែ​ខឹង​រឿង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ចោទ​ប្រពន្ធ​មាន​សហាយរហូតចុះចេញពីផ្ទះ​។

លោក​វរសេនីយ៍ត្រី​ ហួរ​ ម៉េង​វ៉ាង​ អធិការ​រង​នគរបាល​ខណ្ឌ​មាន​ជ័យ​ ថ្លែង​ប្រាប់​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News ថា​ បុរស​ឈ្មោះ​ អ៊ុត​ បូរី​ អាយុ​២៦ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ត្រូវបាន​លោក​ រៀល​ សុភិន​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ «ប៉ុនប៉ង​ឃាតកម្ម​ និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​» ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​លំ​ ភូមិ​ត្នោត​ជ្រុំ​៣​ សង្កាត់​បឹងទំពុន២​ ខណ្ឌ​មានជ័យ​ កាលពី​ថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ តាម​មាត្រា​២៧​ មាត្រា​១៩៩​ និង​ មាត្រា​៤៩០​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ​ ខណ:ជនសង្ស័យបាន ដកកាំភ្លើងខ្លីម៉ាកប៉េអាកុល ដេញបាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធព្រោះរឿងប្រចណ្ឌនិងរឿងជំពាក់ បំណុលគេ។ ជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាល​ឱ្យ​មានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍ប៉ូលិស​ធ្វើកិច្ច​សន្យា​ពីរដងរួចមកហើយ។

នៅ​ដំណាក់កាល​សមត្ថកិច្ច​ ជនសង្ស័យ​សារភាពថា រូបគេបានទិញកាំភ្លើងនេះ​ មានគ្រាប់៨គ្រាប់ពីប្រទេសថៃ តម្លៃ ៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេក និងប្រពន្ធ ព្រោះខឹងបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួន និង​ខឹងម្ដាយក្មេក​បំបែកបំបាក់ប្រពន្ធកូនដើម និងខឹងប្រពន្ធលួចមាន​សហាយ​៕