(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលស្នើសុំសួរសុខទុក្ខ លោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមលិខិតរបស់ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញដែលផ្ញើជូនលោក ម៉ៅ មុនីវណ្ណ នៅថ្ងៃទី១៤ ខែកញ្ញា​ម្សិលមិញ។

លោក គី ឫទ្ធី បានបញ្ជាក់ថា «ការបដិសេធសំណើនេះ ដោយសារតែសំណុំរឿង លោក កឹម សុខា កំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយ ហេតុនេះការចូលជួប ឬសួរសុខទុក្ខ អាចអនុញ្ញាតបានត្រឹមមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទងនឹងសំណុំរឿងប៉ុណញនោះ។ សម្រាប់អ្នកផ្សេង ការចូលសួរសុខទុក្ខអាច អនុញ្ញាតឱ្យបានក្រោយពីចៅក្រមបានបំពេញ កិច្ចចាំបាច់មួយចំនួនសិន»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ លោក ម៉ៅ មុនីវណ្ណ​ បានដាក់លិខិតទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យរូបលោក និងសមាជិកគណបក្សសង្រ្គោះជាតិ ១១នាក់ផ្សេងទៀត ចូលសួរសុខទុក្ខ លោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧៕